ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំបន់អាស៊ានបានវិវត្តខ្លួន ទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាព ដោយមានសក្ដានុពលដ៏សម្បើម ដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេ លំដាប់ទី៥ក្នុងពិភពលោក។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញជាអធិបតីបើក “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥” នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្ដានុពលដ៏សម្បើមដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ ក្នុងពិភពលោក”។ សម្តេចបន្ថែមថា “តំបន់អាស៊ានមានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់”។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាពភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តឥតងាករេ របស់តំបន់អាស៊ាន ក្នុងការពង្រឹងសមាហរណកម្ម ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេចបានបញ្ជាក់ថា វឌ្ឍនភាពរបស់យើង ដែលត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំ ទាំងក្នុងនិងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ បានធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្ត្រ សម្រាប់រំហូរមូលធនពិភពលោក។ សមិទ្ធផលទាំងនេះ បានប្រែក្លាយជាកាលានុវត្តភាពជាក់ស្តែង សម្រាប់វិនិយោគិន ដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង។
ទន្ទឹមនឹងនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា តម្លៃ និងភាពជោគជ័យរបស់តំបន់អាស៊ាន គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស (Consensus)។
ជាមួយនឹងបាវចនា “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ” រដ្ឋជាសមាជិកទាំងអស់ បូករួមទាំងកម្ពុជា បានប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិតប្រាកដ សម្រាប់សហគមន៍អាស៊ានទាំងមូល។ កិច្ចខិតខំប្រឹងប្រែងរួមនេះ អនុញ្ញាតឱ្យអាស៊ាន ឆ្លងផុតបញ្ហាប្រឈមសេដ្ឋកិច្ចតំបន់ និងសកល និងភាពមិនប្រាកដប្រជាខ្ពស់។
ជាក់ស្តែង ទោះបីជាមានស្លាកស្នាមនៃជំងឺរាតត្បាត និងភាពស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ ក៏ដោយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាននៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងអត្រា៤,៨% ក្នុងឆ្នាំ២០២៥(AMRO, ខែ មករា ឆ្នាំ២០២៥)។
សម្តេចបវរធិបតីបានបញ្ជាក់ថា ស្របពេលដែលយើងរៀបចំផែនការ ក្រោយឆ្នាំ២០២៥ តំបន់អាស៊ានកំពុងបន្តផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព ដែលកំពុងលេចឡើងថ្មីៗ និងដោះស្រាយបញ្ហាប្រឈមនាអនាគត។ មូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការបង្កើនការតភ្ជាប់អាស៊ាន ដូចមានគូសរំលេចនៅក្នុងផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើការតភ្ជាប់ដោយរលូន ទាំងការដឹកជញ្ជូន ពាណិជ្ជកម្ម ការអប់រំ និងវប្បធម៌ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែង លើកកម្ពស់បរិយាប័ន្ន និងពង្រឹងជំហររបស់អាស៊ាន ជាមហាអំណាចសេដ្ឋកិច្ច ដែលមានការរួបរួម។
សម្តេចបវរធិបតី បានបន្ថែមថា អាស៊ាន ផ្តោតការយកចិត្តទុកដាក់លើការកសាងសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់ឌីជីថលដ៏រស់រវើក ដើម្បីពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាព ពង្រឹងភាពធន់ទៅនឹងហានិភ័យអវិជ្ជមាន ដែលមិនអាចប៉ាន់ប្រមាណបាន និងផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម។ គំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញឱ្យតំបន់អាស៊ានកាន់តែមានជវភាព មានការតភ្ជាប់ ភាពធន់ និងបរិយាប័ន្ន ដែលផ្តល់ឱ្យនូវឱកាសដ៏ធំធេង សម្រាប់វិនិយោគ ប្រកបដោយចីរភាព ដល់ដៃគូពិភពលោករបស់យើង៕