កម្ពុជាត្រៀមបង្កើតទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅប្រទេសជប៉ុន

ដោយៈ ម៉ាណា

    ជប៉ុនៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃបានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន។

ការចុះពិនិត្យនេះ ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលសកម្ម​ភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល៣ឆ្នាំខាងមុខទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ លោក Takashi Okami ប្រធានក្រុមហ៊ុន Kojima Holdings Co., Ltd. លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាស៊ូហ្គី និងលោក Kusunoki Rissei ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុនផងដែរ។

លោកស៊ាង ថៃបានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី បានរៀបចំតុបតែងបានយ៉ាងល្អ និងមានភាពទាក់ទាញ ដោយបានដាក់តាំងបង្ហាញផ្សព្វផ្សាយ ផលិតផលខ្មែរ ព្រមទាំងផ្តល់នូវព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេស​ចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន វិនិយោគិន និងប្រជាជនជប៉ុន។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម ឱ្យបន្តរៀបចំសកម្មភាពនានាដែលផ្សព្វផ្សាយ ពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេស ឯកឧត្តមបានស្នើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ជប៉ុន ជំនួបពាណិជ្ជកម្ម និងជួយសម្របសម្រួលជូនវិនិយោគិន និងធុរជនជប៉ុន ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here