សម្តេចធិបតីពន្យល់ពីមូលហេតុដែលក្រុមហ៊ុនអាមេរិកដ៏ធំសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

ពោធិ៍សាត់ៈ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​លើក​ឡើង​ថា ក្រុមហ៊ុន​ FORD ​របស់​សហរដ្ឋ​អាមេរិក​ហ៊ាន​ដាក់​ទុន​វិនិយោគ​រាប់​លាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​គេ​យល់​ថា កម្ពុជា មាន​ស្ថិរភាព សន្តិ​ភាព ដែល​អំណោយ​ផល​ទៅ​ដល់​ការ​វិនិយោគ​។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ខ្សែ​សង្វាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត FORD នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​ការ​ទាក់ទាញ​អ្នក​ថ្មី​ ឱ្យ​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា គោល​ដៅ​សំខាន់ និង​ជា​អាទិភាព​គឺ​ការ​ថែរក្សា​អ្នក​ចាស់ ​ដែល​នៅ​មាន​វត្តមាន​វិនិយោគ ​វិនិយោគ​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បន្ត​រីកចម្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានបញ្ជាក់ថា “ប្រសិន​បើ​អ្នក​វិនិយោគ​ទាំង​នោះ ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ខាត កុំ​ទៅ​ហៅ​គេ​មក​ទៀត ព្រោះ​គ្មាន​អ្នក​ណា​គេ​ហ៊ាន​មក​វិនិយោគ​ទៀត​នោះ​ទេ”។ សម្តេចបន្តថា “​ប្រសិន​បើ​វិនិយោគិន​បរទេស​​ទាំង​នោះ ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​មាន​ស្ថិរភាព ដោយ​សារ​កម្ពុជា​ទាក់ទាញ​ ដោយ​សារ​គោលនយោបាយ​លើក​ទឹក​ចិត្ត​ សេរី​ផ្តល់​ច្រើន ភាព​និងនរ និង​សន្តិភាព ស្ថិរភាព ធានា​បាន​នូវ​ស្ថិរភាព​រយៈ​ពេល​វែង​ ទើប​ មាន​ការ​ទុក​ចិត្ត និងមានការ​វិនិយោគ​ពង្រីក​បន្ថែម​នូវ​ផលិត​ផល​របស់​ពួក​គេ ព្រោះ​គ្មាន​អ្នក​ណា​ចង់​ដាក់​រោងចក្រ ប្រសិន​បើ​តទៅ​មុខ​ទៀត​ត្រូវ​ដួល​រលំ​ដោយ​សារ​ការ​សង្គ្រាម​នោះ​ទេ”​។

សម្តេច​ធិបតី បាន​អះអាង​ថា គ្មាន​អ្នក​ណា​ចង់​បណ្ដាក់​ទុន​វិនិយោគ ​នៅ​ក្នុង​ប្រទេស​ដែល​អសន្តិសុខ​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​មក​បណ្ដាក់​ទុន ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ស្ថិរភាព មាន​ភាព​នឹងនរ​ គឺ​គេ​វិនិយោគ​ហើយ​។

ដូច​ពេល​នេះ ​ ​ក្រុម​ហ៊ុន FORD ហ៊ាន​ដាក់​ទុន​វិនិយោគ​រាប់​លាន​ដុល្លារ​នៅ​កម្ពុជា ​ផលិត​ខ្សែ​សង្វាក់​ផលិត​កម្ម​មួយ ​ដែល​ធានា​រហូត​ដល់​១ម៉ឺន​គ្រឿង មិន​មែន​ធ្វើ​ដើម្បី​មួយ​ឆ្នាំ​ តែ​ធ្វើ​ដើម្បី​អនាគត​ ដូច្នេះ​ក្រុមហ៊ុន​FORD ហ៊ាន​ដាក់​ទុក​វិនិយោគ ​ភ្ជាប់​អនាគត​ក្រុមហ៊ុន ជា​មួយ​អនាគត​កម្ពុជា ដោយ​សារ​ពួក​គេ​គិត​ថា កម្ពុជា​អាចធានា​ស្ថិរភាព សន្តិសុខ សន្តិភាព រយៈពេលវែង អំណោយ​ផល​ដល់​​ការ​វិនិយោគ ដែល​នេះ ជា​មោទនភាព​មួយ​របស់​ពលរដ្ឋ​កម្ពុជា។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ សម្ដេចធិបតី ថ្លែងថា កាលណាប្រទេសជាតិមួយគ្មានស្ថិរភាព គ្មានសន្តិភាព ផ្ទុះសង្គ្រាម ក្រុមហ៊ុនដែលកំពុងវិនិយោគ និងវេចបង្វេចទៅស្រុកវិញ ឈប់វិនិយោគ។

រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត FORD ដែលបាន​សម្ពោធ​នា​ព្រឹក​ថ្ងៃនេះ មាន​សមត្ថភាព​ផលិត​រថយន្ត​លើស​ពី​១​ ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​។ ក្នុងនោះ ក្រុមហ៊ុន​បានពង្រីកការវិ​និយោ​គ នូវទំហំទឹកប្រាក់​​ពី ២១​លានដុល្លារអាមេរិក ទៅ២៦,៨ លាន​ដុល្លារ និង​បាន​ពង្រីកផ្ទៃដីសាងសង់រោងចក្រពី៥ ហិកតា ដល់១២ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here