សម្តេចធិបតីបង្ហើបពីយុទ្ឋសាស្រ្តចំនួន៣ចំណុចឆ្លើយតបនឹងភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល

ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើប ពីយុទ្ឋសាស្រ្តរយៈពេលខ្លី២០២៥ ២០២៨ ដើម្បីឆ្លើយតបនឹងបញ្ហានៃភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល។
សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ស្ដីពី “យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ”។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលជាង១៩ខែកន្លងទៅនេះ រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្ដែង ពាក់ព័ន្ធនឹង “កម្មវិធីគោលនយោបាយអាទិភាព៦” និង “វិធានការគន្លឹះទាំង៥។ រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និង វាយតម្លៃដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។

សម្តេចបន្តថា ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់ រាជរដ្ឋាភិបាល ត្រៀមនឹងដាក់ឱ្យអនុវត្តនូវ “កម្មវិធីលើកកម្ពស់ភាព ប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ២០២៥ – ២០២៨” ដោយផ្តោតលើសសរស្តម្ភ៣សំខាន់ៗ៖ ទី១៖ កម្មវិធីគាំទ្រសេដ្ឋកិច្ច តាមវិស័យក្នុងរយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ។
ទី២ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ ស្មុគស្មាញ និងអន្តរវិស័យ និងទី៣ កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានCDRI និងប្រធានបទទាំង៣ ដែលនឹងលើកយកមកពិភាក្សា។ ការសិក្សាបានលើកឡើងពី “យុទ្ធសាស្ត្រនៃកំណើនថ្មី” ដែលការគួបផ្សំគ្នា រវាងគោលនយោបាយកំណើន សេដ្ឋកិច្ចតាមវិស័យអាទិភាព ជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ។
យុទ្ធសាស្ត្រនេះផ្ដល់សារសំខាន់លើ តុល្យភាព រវាងល្បឿននៃកំណើនសេដ្ឋកិច្ច ទៅនឹងគុណភាពនៃកំណើន ជាជាងការផ្តោតតែលើ កំណើនខ្ពស់មានន័យថា ទោះបីការកែទម្រង់រចនាសម្ព័ន្ធ គ្រប់ជ្រុងជ្រោយ អាចបណ្ដាលឱ្យកំណើនសេដ្ឋកិច្ច មានកម្រិតទាបជាងកំណើនសក្ដានុពល ក៏ចាំបាច់ត្រូវទទួលយក ដើម្បីជំរុញលើកកម្ពស់គុណភាព ចីរភាព និងបរិយាប័ន្ននៃកំណើនដែរ។
សម្តេចធិបតីបានបន្តថា យុទ្ធសាស្ត្រនេះ ក៏មានភាពស៊ីចង្វាក់ទៅនឹង “យុទ្ធសាស្ត្របញ្ចកោណ”ជាច្រើន ហើយដើម្បីសម្រេចបានកំណើនខ្ពស់ និងមានចីរភាព ការកែទម្រង់រចនាសម្ព័ន្ធត្រូវតែធ្វើជាចាំបាច់ និងកាន់តែឆាប់ កាន់តែប្រសើរ។
ទោះបីជាយ៉ាងនេះក្តី ការកែទម្រង់មិនគួរត្រូវ ធ្វើដោយតក់ក្រហល់ពេល រហូតប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពជារួមនោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងចាប់អារម្មណ៍ចំពោះប្រធានបទនីមួយៗ ក្នុងកិច្ចពិភាក្សាទាំង៣វគ្គ ថ្ងៃនេះ ដែលមានជាអាទិ៍៖ សមិទ្ធកម្ម និង ទស្សនៈវិស័យកំណើន ការកែទម្រង់រចនាសម្ព័ន្ធ សម្រាប់កំណើនរយៈពេលវែង និងការផ្សារភ្ជាប់គ្នាចក្ខុវិស័យកំណើនទៅនឹង អាទិភាពគោលនយោបាយ។ សម្ដេចសង្ឃឹមថា វគ្គពិភាក្សាដ៏មានសារសំខាន់ និងប្រទាក់ក្រឡាគ្នានេះ នឹងអាចកំណត់ឱ្យកាន់តែច្បាស់នូវលំដាប់លំដោយអាទិភាព តុល្យភាព និងភាពអនុវត្តន៍បាន នូវបណ្តាគោលនយោបាយទាំងឡាយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here