សម្តេចតេជោជម្រុញទំនាក់ទំនងពាណិជ្ជកម្មកើនដល់១០០០លានដុល្លារជាមួយប្រទេសតួគីយេ

ដោយៈ គង់ សូរិយា

    ប្រទេសតួកគីយេៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឱ្យភាគីកម្ពុជា និងតួគីយេ រួមគ្នាក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឈានទៅសម្រេចឱ្យបាន គោលដៅទំហំពាណិជ្ជកម្ម១ពាន់លានដុល្លារ។

ការជំរុញយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសតួគីយេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលនៃទំនាក់ទំនងនោះ គឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលយើងគួរតែផ្តោតការយកចិត្តទុកដាក់ជំរុញការងារនេះ ឱ្យសម្រេចគោលដៅ”។ សម្តេចបន្ថែមថា “បើទោះបីថាយើងកើនឡើងបន្តិចម្តងៗ ប៉ុន្តែយើងគង់នឹងឈានទៅសម្រេចកម្រិត១ពាន់លានដុល្លារ ខណៈដែលប្រទេសយើងជាមួយប្រទេសដទៃទៀត សម្រេចបានលើសពី១ពាន់លាន រហូតដល់៤ពាន់លាន ឬប្រទេស១០ពាន់លានដុល្លារដែលយើងអាចធ្វើទៅរួច”។

សម្តេចតេជោបានបន្តថា ពិតមែនឯកឧត្តម [ប្រធានរដ្ឋសភា] មានប្រជាជន ជាង៨០លាននាក់ កម្ពុជាមានតែ១៧លាននាក់ទេ ប៉ុន្តែយើងមានកម្លាំងទិញធំ ហើយក៏មានផលិតផលសម្រាប់ការនាំចេញផងដែរ។

ក្នុងឱកាសផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យបណ្ឌិតនូម៉ាន គូទលមុស ប្រធា​នរដ្ឋសភាសាធារណរដ្ឋតួគីយេ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅតួគីយេ ដោយទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងការចរចាប្រកបដោយផ្លែផ្កា។

សម្តេចតេជោបង្ហាញនូវការពេញចិត្ត ចំពោះការថ្លែងរបស់លោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស អំពីទំនាក់ទំនងកម្ពុជា-តួគីយេ ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។

សម្តេចបញ្ជាក់ថា សម្តេចពិតជាមានភាពរីករាយ ដែលបានមកទស្សនកិច្ចនៅតួគីយេ សារជាថ្មីម្តងទៀត បន្ទាប់ពីសម្តេចបានមកទស្សនកិច្ចកាលពីឆ្នាំ២០១៨ ដែលពេលនោះ សម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី ហើយបង្កើតឱ្យមាននូវការរៀបចំស្ថានទូត នៅទីក្រុងអង់ការ៉ា ក្នុងឆ្នាំ២០១៩ បន្ទាប់ពីតួគីយេ មានស្ថានទូតនៅទីក្រុងភ្នំពេញ ឆ្នាំ២០១៣ ។

សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនតួគីយេ ដែលបានផ្តល់នូវជំនួយឧបត្ថម្ភ ទាំងឡាយសម្រាប់កម្ពុជា រួមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។

សម្តេចសង្ឃឹមថា តួគីយេ នឹងបន្តជួយពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជាបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការអញ្ជើញសម្តេចមកទស្សនកិច្ចនៅតួគីយេនេះ គឺបង្ហាញអំពីមិត្តភាពរបស់ប្រទេសទាំងពីរ ដែលគាប់ជួនទស្សនកិច្ចរបស់សម្តេចនៅពេលនេះ ធ្វើឡើងចំពេលខួបលើកទី៦៥ ឆ្នាំនៃទំនាក់ទំនងដ៏យូរលង់របស់ប្រទេសយើងទាំងពីរ។

សម្តេចបានបង្ហាញសុទិដ្ឋិនិយមថា “តាមរយៈការខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងរវាងអង្គការនិតីបញ្ញត្តិនៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជននៃប្រទេសទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន”។

LEAVE A REPLY

Please enter your comment!
Please enter your name here