ហេតុអ្វីបានជាយន្តហោះដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ នៅតែមានតម្លៃរាប់លានដុល្លារអាមេរិក?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ជាធម្មតា យន្ដហោះពាណិជ្ជកម្មមួយគ្រឿងត្រូវបានដាក់ឱ្យដំណើរការហោះហើររយៈពេល២៧ឆ្នាំ មុនពេលដាក់ឱ្យចូលនិវត្តន៍។ប៉ុន្តែ ទោះបីជាយន្តហោះនោះត្រូវបានគេឈប់ប្រើប្រាស់យ៉ាងណាក្តី ក៏វានៅតែមានតម្លៃខ្ពស់កប់ពពកដដែល។

ដើម្បីស្រាយនូវចម្ងល់នេះ ស្ថានីយទូរទស្សន៍ CNBC បានចេញផ្សាយរបាយការណ៍មួយ ដោយបានបំបែកនូវអាថ៌កំបាំងនៅពីក្រោយ ដែលធ្វើឱ្យយន្តហោះដែលចូលនិវត្តន៍នៅតែមានតម្លៃខ្ទង់រាប់លានដុល្លារអាមេរិក។

ក្រុមហ៊ុនអាកាសចរណ៍នានាអាចបោះទុនវិនិយោគចន្លោះពី៩០លានដុល្លារទៅ៣០០លានដុល្លារដើម្បីទិញយន្តហោះថ្មីម៉ាក Airbus ឬ Boeing។ ដូច្នេះ ក្រុមហ៊ុនត្រូវសម្រេចចិត្តលក់យន្តហោះចាស់ៗរបស់ពួកគេចេញ ដើម្បីប្រមូលមកវិញនូវដើមទុនមួយចំនួនសម្រាប់ទិញយន្តហោះថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលយន្តហោះមួយចំនួនឈានដល់អាយុត្រូវចូលនិវត្តន៍ ក្រុមហ៊ុនអាកាសចរណ៍នឹងព្យាយាមស្វែងរកអតិថិជន ដែលត្រូវការទិញយន្តហោះចាស់ៗ ដូចជា ក្រុមហ៊ុនយន្ដហោះដឹកទំនិញ និងយន្តហោះសម្រាប់ក្រុមហ៊ុនពន្លត់អគ្គីភ័យជាដើម។

ប៉ុន្តែ ប្រសិនបើមិនអាចទៅរួច យន្តហោះចាស់ៗទាំងនោះនឹងត្រូវបានបញ្ជូនទៅវាលខ្សាច់រដ្ឋ Arizona ដើម្បីធ្វើការកម្ទេចចោល។ បច្ចុប្បន្ន រដ្ឋមួយនេះផ្ទុកយន្តហោះចំនួនជាង៤.៤០០គ្រឿង ដែលស្ថិតក្នុងដំណាក់កាលចូលនិវត្តន៍។

យោងតាមរបាយការណ៍របស់ទូរទស្សន៍ CNBC បានឱ្យដឹងថា សមាសធាតុដែលមានតម្លៃ​រាប់​លាន​ដុល្លារ​ត្រូវបានលាក់​ទុក​ក្នុង​តួ​ខ្លួនរបស់យន្តហោះចាស់់ៗ ដូចជាម៉ាស៊ីន និងប្រព័ន្ធ Landing gear។បំណែកទាំងអស់នេះអាចត្រូវបានជួសជុសឡើងវិញ និងយកទៅប្រើប្រាស់ម្តងទៀត ឬបណ្តុះបណ្តាលវិស្វករមេកានិចឱ្យបានយល់ដឹងលើមុខងារ ឬដំណើរការរបស់ម៉ាស៊ីនយន្តហោះ។

ស្ថានីយទូរទស្សន៍ CNBC បានអះអាងថា ឧស្សាហកម្មនេះកំពុងរីកចម្រើន ដោយសារតែការពន្យារពេលក្នុងការផ្គត់ផ្គង់យន្តហោះថ្មីពីក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing និងការបង្កើនចំនួនជើងហោះហើរដើម្បីបំពេញកំណើននៃតម្រូវការធ្វើដំណើរជុំវិញពិភពលោក។ ដោយ​សារ​តែ​បញ្ហា​ប្រឈមនេះ គ្រឿងបន្លាស់​ជាច្រើនកំពុង​គាស់ចេញពី​​យន្តហោះ​ចាស់ៗ ដើម្បី​កែច្នៃយកមកប្រើប្រាស់ឡើងវិញ។

យោងទៅតាមទូរទស្សន៍ CNBC បានឱ្យដឹងទៀតថា យន្តហោះដែលមានតួខ្លួនតូចចង្អៀត មានគ្រឿងបន្លាស់ចំនួន២០០ផ្នែក ដែលអាចយកទៅជួសជុល និងប្រើប្រាស់ឡើងវិញបាន។ផ្ទុយ​ទៅ​វិញ យន្តហោះ​ខ្នាត​ធំ​អាច​មាន​គ្រឿងបន្លាស់សរុបចំនួន២.០០០ផ្នែក​ ដែល​អាច​យកទៅជួលជុល ​និង​ដាក់លក់​បន្តទៀតបាន៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here