ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រជាពលរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកំពុងសម្រុកចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងគណនីធនាគាររបស់ពួកគេនៅប្រទេសស្វីស និងទិញមាសទុក ស្របពេលមានការព្រួយបារម្ភចំពោះវិបត្តិសេដ្ឋកិច្ច។
លោក Pierre Gabris នាយកប្រតិបត្តិនៃក្រុមហ៊ុនពិគ្រោះយោបល់ស្វីស Alpen Partners International បានលើកឡើងថា ការដំឡើងពន្ធគយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យពលរដ្ឋអាមេរិកសម្រុកដាក់ប្រាក់ក្នុងធនាគារនៅប្រទេសស្វីស។
សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានប្រឈមមុខជាមួយហានិភ័យខ្ពស់ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធខ្ពស់កប់ពពកលើការនាំចូលទំនិញពីគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសប្រទេសចិន។
ក្នុងបរិបទដែលសង្គ្រាមពាណិជ្ជកម្មអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច ប្រជាពលរដ្ឋអាមេរិក ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកំពុងធ្វើពិពិធកម្មផលបត្រ និងងាកទៅដាក់ប្រាក់បញ្ញើក្នុងធនាគារនៅប្រទេសដែលមានស្ថិរភាពសេដ្ឋកិច្ច និងមានសុវត្ថិភាពខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ដូចជា ប្រទេសស្វីស។
មូលហេតុសំខាន់ៗ ដែលនាំឱ្យប្រទេសអឺរ៉ុបមួយនេះក្លាយជាទីជម្រកសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ រួមមាន ប្រទេសស្វីសប្រកាសនយោបាយអព្យាក្រឹត សេដ្ឋកិច្ចស្វីសមានស្ថេរភាព ហើយរូបិយបណ្ណហ្វ្រង់ស្វីសជារូបិយបណ្ណគួរឱ្យទុកចិត្តបាន។
ជាមួយគ្នានេះ បណ្តាអ្នកវិនិយោគអាមេរិកអាចដាក់ប្រាក់បញ្ញើចូលទៅក្នុងគណនីធនាគាររបស់ពួកគេនៅប្រទេសស្វីសក្នុងទម្រង់ជារូបិយបណ្ណហ្រ្វង់ស្វីសក៏បាន ឬដាក់ប្រាក់បញ្ញើក្នុងទម្រង់ជាប្រាក់អឺរ៉ូ និងប្រាក់ដុល្លារអាមេរិកក៏បានផងដែរ៕ប្រភព: Fortune៕