ចូលរួមក្នុង Chanel : Cambodia Financial Times ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនខុនដូ ដែលទើបនឹងសាងសង់ថ្មីនៅក្នុងតំបន់ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានដាំក្បាលចុះ១៧ភាគរយនៅក្នុងឆ្នាំសារពើពន្ធ២០២៤ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំមុន ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុនខ្នាតតូចកំពុងជួបប្រទះការលំបាកក្នុងការទាញបានប្រាក់ចំណេញពីការលក់ខុនដូ ស្របពេលមានការកើនឡើងនៃតម្លៃសម្ភារៈសំណង់ និងស្ថានភាពលំបាកក្នុងការទិញដីសម្រាប់អភិវឌ្ឍន៍។
យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យជប៉ុនបានឱ្យដឹងថា ខុនដូថ្មីសរុបចំនួន២២.២៣៩យូនីត ត្រូវបាហនផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ទីក្រុងតូក្យូ និងបណ្តាខេត្តជុំវិញ ដែលរួមមានទីក្រុងតូក្យូ ខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba។
ចំនួននេះជាកម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពី វិទ្យាស្ថានខាងលើបានចាប់ផ្តើមប្រមូលចងក្រងទិន្នន័យនៅក្នុងឆ្នាំសារពើពន្ធ១៩៧៣។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Nikkei Asia។
តម្លៃខុនដូថ្មីជាមធ្យម ដែលប្រកាសដាក់លក់នៅក្នុងសង្កាត់ចំនួន២៣ របស់ទីក្រុងតូក្យូ បានហក់ឡើងដល់ទំហំទឹកប្រាក់បលើសពី១០០លានយ៉េន ក្នុងមួយយូនីត(ប្រហែល៧០៩.០០០ដុល្លារ) ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាគិតត្រឹមឆ្នាំសារពើពន្ធ២០២៤។
លោក Tadashi Matsuda អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យជប៉ុន បានលើកឡើងថា តម្រូវការខុនដូ ដែលមានតម្លៃថ្លៃកប់ពពក ជាពិសេសនៅក្នុងសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូមិនបានបង្ហាញសញ្ញានៃការធ្លាក់ចុះនោះឡើយ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី លោក Tadashi បានព្រមានថា “ក្តីបារម្ភចំពោះការជាប់គាំងនៃសេដ្ឋកិច្ច ដែលអាចបណ្តាលមកពីគោលនយោបាយដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចជះផលប៉ះពាល់ដល់ទំនុកចិត្តអតិថិជន”៕ប្រភព: Nikkei asia៕