ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុននានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអាចនឹងស្វែងរកកិច្ចសន្យាជួលការិយាល័យរយៈពេលខ្លី ខណៈក្រុមហ៊ុនទាំងនោះកំពុងរង់ចាំមើលផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើយោងតាមក្រុមហ៊ុន Knight Frank។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank អះអាងថា ស្ថានការណ៍នេះបានបង្ខំឱ្យម្ចាស់អគារការិយាល័យព្យាយាមផ្តោតលើការរក្សាអតិថិជនដែលមានស្រាប់របស់ពួកគេ តាមរយៈការបញ្ចុះតម្លៃជួល។
តម្លៃជួលការិយាល័យក្នុងតំបន់អាចនឹងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងបន្ថែមទៀត ខណៈក្រុមហ៊ុន Knight Frank បានព្យាករណ៍ថា ការផ្គត់ផ្គង់ការិយាល័យនៅទូទាំងតំបន់នឹងកើនឡើង៥,៧ភាគរយនៅឆ្នាំនេះដល់ទំហំប្រហែល២០០លានម៉ែត្រការ៉េ។
លោក Tim Armstrong ប្រធានផ្នែកគ្រប់គ្រងយុទ្ធសាស្ត្រ និងដំណោះស្រាយនៅក្រុមហ៊ុន Knight Frank បានលើកឡើងថា “ស្របពេលអត្រាពន្ធគយរបស់សហរដ្ឋអាមេរិកបន្តប្រែប្រួល ផលប៉ះពាល់ចំពោះសេដ្ឋកិច្ចនឹងត្រូវការពេលវេលាដើម្បីលាតត្រដាង”។
នាពេលបច្ចុប្បន្ន ប្រទេសចិន ដែលបានប្រកាសដំឡើងពន្ធលើទំនិញអាមេរិកដល់អត្រា១២៥ភាគរយត្រូវប្រឈមមុខនឹងការយកអត្រាពន្ធសងសឹកចំនួន២៤៥ភាគរយលើការនាំចេញទំនិញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក។
លោក Tim Armstrong បានបន្ថែមថា “និន្នាការនេះកំពុងជំរុញឱ្យក្រុមហ៊ុននានាក្នុងតំបន់សម្រេចមិនផ្លាស់ប្តូរទីតាំងការិយាល័យ និងជំរុញឱ្យបណ្តាក្រុមហ៊ុនផ្សេងទៀតងាកទៅចរចាកិច្ចសន្យាជួលរយៈពេលខ្លីជាមួយម្ចាស់អគារការិយាល័យ”។
យោងតាមរបាយការណ៍ពីក្រុមហ៊ុន Knight Frank បានឱ្យដឹងថា តម្លៃជួលការិយាល័យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ០,៩ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បន្ទាប់ពីបានធ្លាក់ចុះ០,៤ភាគរយក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៤៕ប្រភព: SCMP៕