រដ្ឋមន្រ្តីកសិកម្មពិភាក្សាជាមួយមន្រ្តីធនាគារពិភពលោកលើការអភិវឌ្ឍប្រកបដោយចីរភាព

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា ទទួលជួបសម្តែងការគួរសម ជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកល នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោក (WB)

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានសម្តែង នូវការសាទរចំពោះកិច្ច សហប្រតិបត្តិការរួមគ្នាកន្លងមក លើការអភិវឌ្ឍវិស័យកសិកម្ម ដែលបានផ្តល់ប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននឹងកំពុងជំរុញ គោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានានូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករ កាត់បន្ថយថ្លៃដើមផលិត ផលិតទៅតាមតម្រូវការទីផ្សារ ការដឹកនាំបែបទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋានដែលជាជំនួយការជិតស្និទ្ធរបស់កសិករដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី លើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើប ក្នុងការធ្វើពិពិធកម្មកសិកម្ម ឱ្យបានទូលំទូលាយក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម។

ដើម្បីសម្រេចការងារនេះបាន បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងត្រូវការ ការសហការចូលរួមពីដៃគូអភិវឌ្ឍនានា ទាំងក្នុងការងារបច្ចេកទេស និងជាពិសេសទុន ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម និយាយជារួម និងជីវភាពប្រជាកសិករ និយាយដោយឡែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here