ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍ សហការជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា (SME Bank) បានចាប់ផ្តើមគម្រោងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់ជូនម្ចាស់អាជីវកម្ម ទេសចរណ៍ ដើម្បីអភិវឌ្ឍឬពង្រីកប្រតិបត្តិការរបស់ពួកគេ នៅក្នុងខេត្តសៀមរាប។
ការដាក់ឱ្យដំណើរការនូវ ‘គម្រោងហិរញ្ញប្បទានទេសចរណ៍សម្រាប់ខេត្តសៀមរាប(TFSS) គឺផ្តោតលើការស្តារ និងទាក់ទាញភ្ញៀវទេសចរបរទេស ដោយផ្តល់លក្ខខណ្ឌកម្ចីពិសេស ដល់សហគ្រាសធុនតូច និងមធ្យម រួមចំណែកដល់ការអនុវត្តវេទិការរដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ (19th GPSF) ដែលត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំមុន។
ដោយផ្អែកលើសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ កម្មវិធីហិរញ្ញវត្ថុ នឹងពន្លឿនការអនុវត្តប្រកបដោយជោគជ័យ និងឆាប់រហ័សនៃវិធានការគោលនយោបាយ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍ នៅក្នុងទីក្រុងធំទីពីរក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលខ្វះខាតថវិកាវិនិយោគ ដើម្បីអភិវឌ្ឍន៍ឬពង្រីកអាជីវកម្មរបស់ពួកគេ ក្នុងខេត្តសៀមរាប ស្វែងរកកម្ចីផ្ទាល់ពីសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា ដោយឱ្យខ្ចី ពីចន្លោះពី២០ម៉ឺនទៅ៦០ម៉ឺន សម្រាប់រយៈពេលអតិបរមាប្រាំបីឆ្នាំ។
ប្រាក់កម្ចីត្រូវបានផ្តល់ជូនជាប្រាក់រៀលខ្មែរ និងប្រាក់ដុល្លារសហរដ្ឋអាមេរិក ដោយមិនគិតថ្លៃបន្ថែមលើការរៀបចំឯកសារកម្ចី។ ប្រាក់កម្ចីផ្ទាល់មានរយៈពេលទូទាត់ បឋមរហូតដល់២៤ខែ ឬពីរឆ្នាំ ជាពិសេស នឹងមិនមានការពិន័យសម្រាប់ការសងមុនពេលផងដែរ។
យោងតាមធនាគារ សហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា ពួកគេបានណែនាំ និងអនុវត្តកម្មវិធី TFSS ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំ៦,៥ភាគរយ។ គ្រោងការណ៍នេះផ្តល់នូវលក្ខខណ្ឌអំណោយផលសម្រាប់ម្ចាស់សហគ្រាស ក្នុងវិស័យទេសចរណ៍ក្នុងការទទួលបានហិរញ្ញវត្ថុ សម្រាប់ការកែលម្អអាជីវកម្ម ធ្វើទំនើបកម្ម ការពង្រីក និងការធ្វើពិពិធកម្មសេវាកម្មទេសចរណ៍របស់ពួកគេ។
ដោយឡែកនៅថ្ងៃទី ២៧ ខែមីនា ការិយាល័យឥណទានកម្ពុជា (Credit Bureau Cambodia-CBC) និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ដឹកនាំដោយលោកស្រី ឆាយ ស៊ីវលីន ប្រធាន CATA បានសហការគ្នារៀបចំសិក្ខាសាលាក្រោមប្រធានបទ “តួនាទីនៃរបាយការណ៍ឥណទានទេសចរណ៍ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឡើងនៅខេត្តសៀមរាប។
កិច្ចប្រជុំនេះបានប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យមប្រមាណ១០០ ក្នុងគោលបំណងពង្រីកការយល់ដឹង របស់ពួកគេអំពីរបាយការណ៍ឥណទាន ឧបករណ៍សុខភាពហិរញ្ញវត្ថុ និងចំណេះដឹងនៃការវាយតម្លៃឥណទាន ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កំណើនរបស់ពួកគេ៕