ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ ខណៈដែលអ្នកវិនិយោគបានបន្ទាបឱកាសនៃការបញ្ចុះអត្រាការប្រាក់ និងកំពុងរង់ចាំមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក និងប្រទេសចិន។
ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានស្ថិតនៅទ្រឹង បន្ទាបពីធ្លាក់ថ្លៃចុះ២,៥ភាគរយកាលពីសប្តាហ៍មុន។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៤ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៩ភាគរយ។
ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,២១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១១ភាគរយ។
នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦៤ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាសជិត៩០ភាគរយ កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅទ្រឹងត្រឹម១០២,៣៨ពិន្ទុ នៅព្រឹកថ្ងៃច័ន្ទនេះ។
ចំណែក តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃចន្ទនេះ ខណៈប្រទេសអារ៉ាប៊ីសាអូឌីតបានកាត់បន្ថយតម្លៃប្រេងយ៉ាងខ្លាំង និងការកើនឡើងនៃផលិតកម្មប្រេងរបស់អង្គការបណ្តាប្រទេសនាំចេញប្រេង(OPEC)។
តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ៩សេន មកនៅត្រឹម៧៨,៦៧ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0057 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១០សេន មកនៅត្រឹម៧៣,៧១ដុល្លារក្នុងមួយបារ៉ែល៕