ប្រទេសចិនកំពុងជួបការលំបាកក្នុងការទាក់ទាញអ្នកវិនិយោគបរទេសឱ្យត្រលប់ទៅវិញ

ដោយៈ តែម សុខុម

ប៉េកាំងៈ ប្រទេសចិន ពេលនេះកំពុងជួបការលំបាក ក្នុងការព្យាយាមទាក់ទាញ អ្នកវិនិយោគបរទេសឱ្យត្រលប់ទៅវិញ ខណៈទិន្នន័យបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើនបានបន្តហូរចេញពីប្រទេសនេះច្រើនជាងហូរចូល។

វាជាសញ្ញាបង្ហាញថា ក្រុមហ៊ុននានាកំពុងតែព្យាយាម ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន នៅក្រៅប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យ។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគផ្ទាល់ពីបរទេសក្នុងប្រទេសចិន បានបន្តធ្លាក់ចុះឥតឈប់ឈរក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។បន្ទាប់ពីឡើងដល់កម្រិតកំពូល ជាង១០១ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ ទំហំវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះ ស្ទើរតែរាល់ត្រីមាសចាប់តាំងពីពេលនោះមក។

ទំហំវិនិយោគផ្ទាល់ពីបរទេស បានធ្លាក់ចុះ១១,៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីខែកក្កដា ដល់ខែកញ្ញា ដែលជាការធ្លាក់ចុះដំបូង ចាប់តាំងពីការកត់ត្រាបានចាប់ផ្ដើមក្នុងឆ្នាំ១៩៩៨។

លោក Robert Carnell ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃក្រុមហ៊ុនហិរញ្ញវត្ថុ និងធនាគារហូឡង់ ING Groep NV បានធ្វើការកត់សម្គាល់ថា “នេះប្រហែលគ្រាន់តែជាសញ្ញា នៃការចាប់ផ្ដើមដែលបង្ហាញថា អ្នកវិនិយោគកាន់តែច្រើនឡើង កំពុងសម្លឹងរកគោលដៅវិនិយោគផ្សេងៗក្រៅពីប្រទេសចិន”៕ Japan Times ៕

LEAVE A REPLY

Please enter your comment!
Please enter your name here