IMF ព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងសម្រេចបានកំណើន៥,៤ភាគរយនៅឆ្នាំនេះ ប៉ុន្តែធ្លាក់ចុះនៅឆ្នាំបន្ទាប់

ដោយ: គង់ លាងហួរ

ប៉េកាំងៈ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣សម្រាប់ប្រទេសចិន ពី៥ភាគរយឡើងដល់៥,៤ភាគរយ ប៉ុន្តែមូលនិធិ IMF នៅតែរំពឹងថា សេដ្ឋកិច្ចចិននឹងធ្លាក់ចុះនៅឆ្នាំក្រោយ។

IMF បានគូសបញ្ជាក់នៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា កំណើនសេដ្ឋកិច្ចចិន អាចថយចុះមកនៅត្រឹម៤,៦ភាគរយ នៅឆ្នាំ២០២៤ ដោយសារតែការបន្តដាំក្បាលចុះ នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន និងការថយចុះនៃតម្រូវការខាងក្រៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការព្យាករណ៍ឡើងវិញរបស់IMFខាងលើនេះ បានធ្វើឡើង បន្ទាប់ពីប្រទេសចិន បានសម្រេចចិត្តក្នុងការអនុម័ត លើការបោះផ្សាយលក់មូលបត្របំណុលរដ្ឋ ចំនួន១ពាន់ពាន់លានយ័ន (ប្រហែល១៣៧ពាន់លានដុល្លារ) និងបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់តំបន់ អាចបែងចែកកូតាមូលបត្របំណុ​លឆ្នាំ២០២៤ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា មូលនិធិដែលបានប្រមូលពីការបោះផ្សាយ មូលបត្របំណុលថ្មីនេះ នឹងចំណា​យលើការកសាងឡើងវិញ នូវតំបន់រងគ្រោះដោយគ្រោះមហន្តរាយនៅក្នុងប្រទេស និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ការពារប្រព័ន្ធបង្ហូរទឹកក្នុងទីក្រុង ដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសចិន ក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។

លោកស្រី Gita Gopinath នាយករងគ្រប់គ្រងទីមួយនៃមូលនិធិ IMF បានលើកឡើងថា ក្នុងរយៈពេលមធ្យម កំណើនសេដ្ឋកិច្ចចិនត្រូវបានព្យាករថា នឹងថយចុះជាបណ្តើរៗ មកនៅត្រឹមប្រហែល៣,៥ភាគរយនៅឆ្នាំ២០២៨ ស្របពេលដែលផលិតភាពធ្លាក់ចុះ និងចំនួនប្រជាជនវ័យចាស់កើនឡើង។

លោកស្រីបន្ថែមថា ប្រទេសចិនបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រដល់ទីផ្សារអចលនទ្រព្យ ប៉ុន្តែប្រទេសនេះត្រូវតែដាក់ចេញវិធានការជាចាំបាច់បន្ថែមទៀត ដើម្បីធានាបាននូវការស្ទុះងើបឡើងវិញលឿនជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here