រដ្ឋាភិបាលថៃប្រកាសបង្កើតគណៈកម្មការថ្មីមួយ ដើម្បីដោះស្រាយឧបសគ្គរបស់អ្នកវិនិយោគ

ដោយ: គង់ លាងហួរ

បាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន គ្រោងបង្កើតគណៈកម្មការថ្មីមួយ ដើម្បីសម្របសម្រួលប្រតិបត្តិការ ដូច្នេះឧបសគ្គចំពោះការវិនិយោគ នៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ច ភាគខាងកើត (EEC) អាចនឹងត្រូវដកចេញក្នុងពេលឆាប់ៗនេះ។

គំនិតផ្តួចផ្តើមធ្វើឡើង ស្របពេលដែលលោក សេដ្ឋា ថាវីស៊ីន បានចុះធ្វើការត្រួតពិនិត្យ នៅតំបន់ច្រករបៀងសេដ្ឋកិច្ច ភាគខាងកើត (EEC) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chanin Rungtanakiat អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីថៃបានមានប្រសាសន៍ឱ្យដឹង កាលពីថ្ងៃអាទិត្យថា លោក សេដ្ឋា ចង់​ឱ្យអ្នក​វិនិយោគ មក​បណ្តាក់ទុនលើ​តំបន់ EEC ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ។

លោកបានបន្ថែមថា គណៈកម្មាធិការថ្មី នឹងត្រួតពិនិត្យលើការធ្វើសមាហរណកម្ម និងការសម្របសម្រួលរបស់ភ្នាក់ងារទាំងអស់ ដែលទទួលបន្ទុកលើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សម្រា​ប់វិនិយោគិន។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ចង់ឱ្យមានការវិវឌ្ឍរីកចម្រើនលឿន។ ដូច្នេះអ្នកវិនិយោគបរទេស នឹងជឿជាក់ ក្នុងការចូលមកបើករោងចក្ររបស់ពួកគេ នៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។

លោក Chanin បានអះអាងថា គណៈកម្មការថ្មីនេះក៏នឹងមានភារកិច្ច ក្នុងការបូកសរុបនូវអ្វីដែលត្រូវធ្វើ ដើម្បីលុបបំបាត់ឧបសគ្គចំពោះការវិនិយោគនៅក្នុងតំបន់ EEC ហើយត្រូវដាក់ជូននាយករដ្ឋមន្ត្រីក្នុងរយៈពេល៦០ថ្ងៃ មុនពេលលោក សេដ្ឋា ចុះធ្វើការត្រួតពិនិត្យម្តងទៀត។

បន្ថែមពីលើនេះ លោក សេដ្ឋា បានបញ្ជាឱ្យអាជ្ញាធរ​កំពង់ផែ​ថៃ​ ពន្លឿន​ការ​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ Laem Chabang ដើម្បី​ឱ្យអ្នក​វិនិយោគ​បរទេស​ជឿជាក់​ថា តំបន់នេះមាន​មធ្យោបាយ ​ដឹកជញ្ជូន​ទំនិញ​គ្រប់គ្រាន់​សម្រាប់​ពួកគេ។

ក្នុងដំណើរទស្សនកិច្ច កាលពីថ្ងៃសៅរ៍នោះ លោកក៏បានធ្វើជាសាក្សី ក្នុងពិធីប្រកាសបង្កើតកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនសម្បទានឯកជនចំនួន២ និងទីភ្នាក់ងាររដ្ឋ ដើម្បីផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ដោយរោងចក្រនៅក្នុងតំបន់ EEC ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here