រដ្ឋាភិបាលគ្រោងដាក់ឲ្យប្រើប្រាស់ផ្លូវការតំណភ្ជាប់ផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញនៅខែវិច្ឆិកា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជួយបង្កើនប្រសិទ្ធភាពវិនិយោគិន ក្នុងការចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា។

លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​កនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពី “តំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញ កាលពីព្រឹកថ្ងៃទី២៥ ខែតុលានេះថា ប្រព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់សាធារណជនទាំងក្នុង និងក្រៅស្រុកទាំងអស់ ដែលមានបំណងជួញដូរមូលបត្រនៅកម្ពុជា ទទួលបានលេខអត្តសញ្ញាណវិនិយោគិនស្របជាមួយ នឹងលេខគណនីជួញដូរមូលបត្រក្នុងពេលតែមយយភ្លាម និងចំណាយពេលអប្បបរមា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលើកឡើងបន្តថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតតឹ្រមត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនវិនិយោគិន នៅក្នុងវិស័យមូលបត្របានកើនឡើងប្រមាណ៦០% ធៀបនឹងរយៈពេលមុនពេលដាក់ឲ្យដំណើរការទីផ្សារពាក់កណ្តាលបច្ចេកវិទ្យា។

លោកពន្យល់ថា ការកើនឡើងនេះ បានមកពីការរួមចំណែក ជាពិសេសផ្សារមូលបត្រ និងក្រុមហ៊ុនមូលបត្រទាំងអស់ ដែលបានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាល សិក្ខាសាលា កម្មវិធីពិព័រណ៍ និងការផ្សព្វផ្សាយនានា ដែលបានជំរុញឲ្យវិនិយោគិន ចូលរួមក្នុងទីផ្សារមូលបត្រនៅកម្ពុជា កាន់តែច្រើន។

ជាមួយគ្នានេះ លោក អ៊ីវ រ៉ាណារិទ្ធិ ប្រធានសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា យល់ឃើញថា នេះជាជំហានថ្មីមួយ ដែលពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំពេញទីផ្សារមូលបត្រកម្ពុជា ខណៈដែលកន្លងមក បញ្ហាដ៏លំបាកគឺការបើកគណនី ដោយសារយើងមានដំណាក់កាលច្រើន និងភាពស្មុគស្មាញគួរសម។

លោកសង្ឃឹមថា ក្រោយដាក់ឲ្យដំណើរការផ្លូវការ នូវគម្រោងតំណភ្ជាប់ខាងលើនេះ នឹងទាក់ទាញវិនិយោគិនថ្មីៗ កាន់តែច្រើនបន្ថែ​មទៀត ដើម្បីចូលរួមក្នុងការជួញដូរភាគហ៊ុន។

ចំណែកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ការបង្កើតនូវភាពពេញលេញនូវការបង្កើតប្រព័ន្ធ បើកគណនីជួញដូរតាមអនឡាញនេះ វិនិយោគិន អាចស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីក្នុងប្រព័ន្ធតែមួយបានឆាប់រហ័ស។

លោកបញ្ជាក់ថា “វិនិយោគិន នឹងទទួលបានគណនីជួញដូរមូលបត្របានដោយភ្លាមៗ និងមានប្រសិទ្ធិភាពខ្ពស់។ បន្ទាប់ពីបានគណ​នី វិនិយោគិនអាចដាក់ប្រាក់ចូលគណនីជួញដូរ និងចាប់ផ្តើមវិនិយោ​គ​​បានភ្លាមៗ”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here