ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជួយបង្កើនប្រសិទ្ធភាពវិនិយោគិន ក្នុងការចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា។
លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងក្នុងពិធីចុះកិច្ចព្រមព្រៀងស្ដីពី “តំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញ កាលពីព្រឹកថ្ងៃទី២៥ ខែតុលានេះថា ប្រព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់សាធារណជនទាំងក្នុង និងក្រៅស្រុកទាំងអស់ ដែលមានបំណងជួញដូរមូលបត្រនៅកម្ពុជា ទទួលបានលេខអត្តសញ្ញាណវិនិយោគិនស្របជាមួយ នឹងលេខគណនីជួញដូរមូលបត្រក្នុងពេលតែមយយភ្លាម និងចំណាយពេលអប្បបរមា។
លោកលើកឡើងបន្តថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតតឹ្រមត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនវិនិយោគិន នៅក្នុងវិស័យមូលបត្របានកើនឡើងប្រមាណ៦០% ធៀបនឹងរយៈពេលមុនពេលដាក់ឲ្យដំណើរការទីផ្សារពាក់កណ្តាលបច្ចេកវិទ្យា។
លោកពន្យល់ថា ការកើនឡើងនេះ បានមកពីការរួមចំណែក ជាពិសេសផ្សារមូលបត្រ និងក្រុមហ៊ុនមូលបត្រទាំងអស់ ដែលបានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាល សិក្ខាសាលា កម្មវិធីពិព័រណ៍ និងការផ្សព្វផ្សាយនានា ដែលបានជំរុញឲ្យវិនិយោគិន ចូលរួមក្នុងទីផ្សារមូលបត្រនៅកម្ពុជា កាន់តែច្រើន។
ជាមួយគ្នានេះ លោក អ៊ីវ រ៉ាណារិទ្ធិ ប្រធានសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា យល់ឃើញថា នេះជាជំហានថ្មីមួយ ដែលពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំពេញទីផ្សារមូលបត្រកម្ពុជា ខណៈដែលកន្លងមក បញ្ហាដ៏លំបាកគឺការបើកគណនី ដោយសារយើងមានដំណាក់កាលច្រើន និងភាពស្មុគស្មាញគួរសម។
លោកសង្ឃឹមថា ក្រោយដាក់ឲ្យដំណើរការផ្លូវការ នូវគម្រោងតំណភ្ជាប់ខាងលើនេះ នឹងទាក់ទាញវិនិយោគិនថ្មីៗ កាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមក្នុងការជួញដូរភាគហ៊ុន។
ចំណែកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ការបង្កើតនូវភាពពេញលេញនូវការបង្កើតប្រព័ន្ធ បើកគណនីជួញដូរតាមអនឡាញនេះ វិនិយោគិន អាចស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីក្នុងប្រព័ន្ធតែមួយបានឆាប់រហ័ស។
លោកបញ្ជាក់ថា “វិនិយោគិន នឹងទទួលបានគណនីជួញដូរមូលបត្របានដោយភ្លាមៗ និងមានប្រសិទ្ធិភាពខ្ពស់។ បន្ទាប់ពីបានគណនី វិនិយោគិនអាចដាក់ប្រាក់ចូលគណនីជួញដូរ និងចាប់ផ្តើមវិនិយោគបានភ្លាមៗ”៕