ភាគហ៊ុនរបស់ក្រុមហ៊ុនEvergrande ដាំក្បាលចុះ២៥ភាគរយ បន្ទាប់ពីបុគ្គលិកក្រុមហ៊ុននេះជាច្រើនត្រូវបានចាប់ខ្លួន

ដោយ: គង់ លាងហួរ

ប៉េកាំង: ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande Group បានដាំក្បាលចុះ២៥% កាលពីថ្ងៃចន្ទទី១៨ ខែកញ្ញា បន្ទាប់ពីបុគ្គលិកជាច្រើនរូប របស់ក្រុមហ៊ុននេះ ត្រូវបានចាប់ខ្លួន។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ថ្លៃមកនៅត្រឹម ០,៤៧ដុល្លារហុងកុង ក្នុងមួយហ៊ុន នៅពេលទីផ្សារបានបើកការជួញដូរនៅពេលព្រឹក ដែលនេះគឺជាតម្លៃទាបបំផុត បើធៀបទៅនឹងតម្លៃក្នុងរយ:ពេលពីរសប្តាហ៍ចុងក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ថ្លៃនេះបានកើតឡើង នៅរយ:ពេលពីរថ្ងៃប៉ុណ្ណោះ បន្ទា​ប់ពីប៉ូលីស នៅទីក្រុងស៊ិនជិន (Shenzhen) ភាគខាងត្បូងនៃប្រទេសចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកជាច្រើនរូប នៃបុត្រសម្ព័ន្ធ Evergrande គឺក្រុមហ៊ុន Evergrande Wealth Management ត្រូវបានចាប់ខ្លួន។

ទាក់ទិននឹងការចាប់ខ្លួននេះ អាជ្ញាធរចិនមិនបានធ្វើការបញ្ជាក់អំពីចំនួនបុគ្គលិក ឬការចោទប្រកាន់ណាមួយ ទៅលើពួកគេនោះឡើយ ប៉ុន្តែសេចក្តីថ្លែងការណ៍ បានអំពាវនាវឱ្យសាធារណជន រាយការណ៍ពីករណីណាមួយ ដែលមានជាប់សង្ស័យអំពីការក្លែងបន្លំ។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដែលជំពាក់បំណុលច្រើនជាងគេ បំផុតនៅលើពិភពលោក ដោយត្រូវបានប៉ាន់ប្រមា​ណថា មានចំនួន៣២៨ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣។

ដោយធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្ស នៅក្នុងវិស័យអចល​នទ្រព្យចិន និងជាអ្នកជួយជំរុញដល់កំណើនសេដ្ឋកិច្ចចិន បំណុលដ៏ច្រើនលើសលប់របស់ក្រុមហ៊ុន Evergrande ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងមើលឃើញថា ជាហានិភ័យ ដែលមិនអាចទទួលយកបានមួយ សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ខណៈកន្លងមក អាជ្ញាធរបានដាក់ចេញវិធានការ រឹតបន្តឹងជាច្រើនរួចមកហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here