ដោយ: គង់ លាងហួរ
ប៉េកាំង: ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande Group បានដាំក្បាលចុះ២៥% កាលពីថ្ងៃចន្ទទី១៨ ខែកញ្ញា បន្ទាប់ពីបុគ្គលិកជាច្រើនរូប របស់ក្រុមហ៊ុននេះ ត្រូវបានចាប់ខ្លួន។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ថ្លៃមកនៅត្រឹម ០,៤៧ដុល្លារហុងកុង ក្នុងមួយហ៊ុន នៅពេលទីផ្សារបានបើកការជួញដូរនៅពេលព្រឹក ដែលនេះគឺជាតម្លៃទាបបំផុត បើធៀបទៅនឹងតម្លៃក្នុងរយ:ពេលពីរសប្តាហ៍ចុងក្រោយ។
ការធ្លាក់ថ្លៃនេះបានកើតឡើង នៅរយ:ពេលពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលីស នៅទីក្រុងស៊ិនជិន (Shenzhen) ភាគខាងត្បូងនៃប្រទេសចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកជាច្រើនរូប នៃបុត្រសម្ព័ន្ធ Evergrande គឺក្រុមហ៊ុន Evergrande Wealth Management ត្រូវបានចាប់ខ្លួន។
ទាក់ទិននឹងការចាប់ខ្លួននេះ អាជ្ញាធរចិនមិនបានធ្វើការបញ្ជាក់អំពីចំនួនបុគ្គលិក ឬការចោទប្រកាន់ណាមួយ ទៅលើពួកគេនោះឡើយ ប៉ុន្តែសេចក្តីថ្លែងការណ៍ បានអំពាវនាវឱ្យសាធារណជន រាយការណ៍ពីករណីណាមួយ ដែលមានជាប់សង្ស័យអំពីការក្លែងបន្លំ។
Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដែលជំពាក់បំណុលច្រើនជាងគេ បំផុតនៅលើពិភពលោក ដោយត្រូវបានប៉ាន់ប្រមាណថា មានចំនួន៣២៨ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣។
ដោយធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្ស នៅក្នុងវិស័យអចលនទ្រព្យចិន និងជាអ្នកជួយជំរុញដល់កំណើនសេដ្ឋកិច្ចចិន បំណុលដ៏ច្រើនលើសលប់របស់ក្រុមហ៊ុន Evergrande ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងមើលឃើញថា ជាហានិភ័យ ដែលមិនអាចទទួលយកបានមួយ សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ខណៈកន្លងមក អាជ្ញាធរបានដាក់ចេញវិធានការ រឹតបន្តឹងជាច្រើនរួចមកហើយ ៕