ដោយៈ តែម សុខុម
គូឡាឡាំពួ: ក្រុមហ៊ុនធានារ៉ាប់រងជប៉ុនធំៗ កំពុងបង្វែរទឹកប្រាក់ចំនួន២,៦ទ្រីលានដុល្លារអាមេរិក របស់ខ្លួនដើម្បីវិនិយោគលើឥណទានឯកជន។ នេះបើតោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា។
ក្រុមហ៊ុនធានារ៉ាប់រង Dai-ichi Life Insurance Co និងក្រុមហ៊ុនធានារ៉ាប់រង Nippon Life Insurance Co ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលកំពុងស្វះស្វែងបោះទុនវិនិយោគបន្ថែម លើឥណទានឯកជន ដោយសារភាពទាក់ទាញ នៃការហក់ឡើងអត្រាការប្រាក់ ខណៈថ្លៃដើមនៃការប្រាក់កម្ចីកើនឡើងទូទាំងពិភពលោក។
ក្រុមហ៊ុនផ្សេងៗទៀត កំពុងថ្លឹងថ្លែងត្រៀមបោះទុនវិនិយោគលើកដំបូងលើឥណទានឯកជន ខណៈបណ្ដាក្រុមហ៊ុនធានារ៉ាប់រងជប៉ុន កំពុងពិបាកដោះស្រាយ ជាមួយនឹងថ្លៃដើមហក់ឡើងខ្ពស់ខ្លាំងសម្រាប់ការវិនិយោគរបស់ពួកគេនៅបរទេស។

ដោយគោលនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលជប៉ុន (BOJ) មិនស្របគ្នាជាមួយធនាគារកណ្តាលធំៗ ផ្សេងទៀតនៅទូទាំងពិភពលោក ប្រាក់យ៉េន របស់ជប៉ុន បានធ្លាក់ថ្លៃ និងបានធ្វើឱ្យថ្លៃដើមហក់ឡើងខ្ពស់ខ្លាំង សម្រាប់ការវិនិយោគលើមូលបត្រនៅបរទេស។
កត្តានេះ កំពុងជំរុញឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងជប៉ុន ក្ដាប់យកឱកាសនេះ ដើម្បីវិនិយោគលើទ្រព្យសកម្មនានា ដូចជាឥណទានឯកជនជាដើម។
ទីផ្សារឥណទានឯកជន ដែលក្រុមហ៊ុនអង់គ្លេស Preqin Ltd ប៉ាន់ប្រមាណថា មានតម្លៃ១,៥ទ្រីលានដុល្លារអាមេរិក ផ្ដល់ឥណទានមិនមែនធនាគារដល់អ្នកខ្ចី ដែលជារឿយៗអ្នកខ្ចីទាំងនោះ ជាក្រុមហ៊ុនមានហានិភ័យ ដែលគ្រប់គ្រងដោយក្រុមហ៊ុនភាគហ៊ុនឯកជន៕ The Edge Markets៕







