តែម សុខុម
ហាណូយ: ចំនួនក្រុមហ៊ុនដែលត្រូវបានផ្អាកដំណើរការក្នុងវិស័យអចលនទ្រព្យនៅប្រទេសវៀតណាម បានកើនឡើងរហូតដល់៤០%ក្នុងឆមាសទី១ ដើមឆ្នាំ២០២៣ ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងចំណោមវិស័យចំនួន១៧។
ទិន្នន័យរបស់ក្រសួងផែនការ និងការវិនិយោគវៀតណាម បង្ហាញថា ក្រុមហ៊ុនរហូតដល់ទៅប្រមាណ១០០.០០០ក្រុមហ៊ុនត្រូវបានផ្អាកដំណើរការ ឬ ជាធម្យមមានប្រមាណ១៦.៦០០ក្រុមហ៊ុនត្រូវបានផ្អាកដំណើរការក្នុងមួយខែ។ នេះបើយផងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមិថុនា។
ទោះជាយ៉ាងណា ក្រសួងនេះមិនបានធ្វើការបែងចែកដាច់ដោយឡែកនោះឡើយរវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនឈ្មួញកណ្តាលអចលនទ្រព្យនៅក្នុងទិន្នន័យរបស់ខ្លួន។
សមាគមភ្នាក់អចលនទ្រព្យវៀតណាម បានលើកឡើងតាមរយៈរបាយការណ៍មួយកាលពីដើមខែនេះ ក្រុមហ៊ុនឈ្មួញកណ្តាលអចលនវត្ថុនៅក្នុងប្រទេសវៀតណាម កំពុង “លង់ទឹកហើយ” ដោយសារតែតម្រូវការដាំក្បាលចុះខ្លាំង។
តែទោះជាយ៉ាងនេះក្ដី ក៏មានក្រុមហ៊ុនថ្មីៗជាង១១៣.០០០ក្រុមហ៊ុនត្រូវបានចុះបញ្ជីក្នុងវិស័យអចលនទ្រព្យក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ឬជាមធ្យមមាន១៩.០០០ក្រុមហ៊ុនចុះបញ្ជីក្នុងមួយខែ។
ក្រសួងផែនការ និងការវិនិយោគវៀតណាម លើកឡើងថា “នេះជាសញ្ញាវិជ្ជមានស្របពេលមានការលំបាក”។
ប៉ុន្តែដើមទុនជាមធ្យមរបស់ក្រុមហ៊ុនដែលចុះចុះបញ្ជីមួយ គឺទាបបំផុតក្នុងរយៈពេល៥ឆ្នាំជាមួយនឹងដើមទុនត្រឹមតែ៣៩៥.០០០ដុល្លារអាមេរិក ប៉ុណ្ណោះ។
ក្រសួងផែនការ និងការវិនិយោគវៀតណាម និយាយថា ក្រុមហ៊ុនជាច្រើនមិនទទួលបានប្រាក់កម្ចីឡើយស្របពេលមានតម្រូវការធ្លាក់ចុះ និងស្តុកផ្ទះកើនឡើងខ្ពស់ ហេតុដូច្នេះហើយក្រុមហ៊ុនទាំងនោះត្រូវការការជួយអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីជំរុញការប្រើប្រាស់ និងសម្រាលវិបត្តិ៕ VN Express៕