លោកប៉ាន សូរស័ក្តិថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តរួចហើយ

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារ ចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អង្គប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តីបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានរៀបចំឡើងក្នុងគោលបំណង កំណត់អំពីគោលការណ៍ និងវិធានស្តីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល ដើម្បីជំរុញនិងសម្រួលពាណិជ្ជកម្ម ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ធានានូវដើមកំណើតទំនិញរបស់កម្ពុជា ក្នុងការលើកកម្ពស់និងជំរុញការនាំចេញផលិតផលកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ ការក្លែងបន្លំដើមកំណើតទំនិញ។

លោកប៉ាន សូរស័ក្តិបានបន្តថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ គឺជាការអភិវឌ្ឍបន្ថែម នូវលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងស្របតាមគោលការណ៍អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក និងជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយក្រុមការងារនៃក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលរួមមាន៩ជំពូកនិង៣៥មាត្រា ហើយជានីតិវិធីបន្ត រាជរដ្ឋាភិបាល នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here