ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ប្រធានអគ្គនាយកនៃធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានថ្លែងថា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ធនាគារទទួលបានប្រាក់ចំណេញជាង១១លានដុល្លារអាមេរិក។
លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីថ្ងៃទី១៨ ឧសភាថា ទំហំប្រាក់ចំណេញនេះ ជាការបង្ហាញថា សុខភាពរបស់ធនាគារនៅតែមានភាពរ៉ឹងមាំ បើទោះជាកម្ពុជា ក៏ដូចជាពិភពលោកបានរងវិបត្តិ អស់រយៈពេលជាច្រើនឆ្នាំក្តី។
លោកឧកញ៉ាបានបន្តទៀតថា “ការសម្រេចបាននូវប្រាក់ចំណេញនេះ ទោះជាមិនដល់គោលដៅយើងចង់បាន ប៉ុន្តែវាជាដំណើរការធម្មតា និងបង្ហាញពីភាពរ៉ឹងមាំនៃប្រព័ន្ឋធនាគាររបស់យើង”។ លោកបន្តថា “ជាមួយគ្នានេះ យើងនៅតែបន្តរីកចម្រើន និងកំពុងរៀបចំផែនការយុទ្ឋសាស្រ្តថ្មីៗ ដើម្បីសម្រេចបានវឌ្ឍនភាពនាពេលអនាគត។
លោកឧកញ៉ាហួត អៀងតុងបានបន្តថា បញ្ហាសេដ្ឋកិច្ចពិភពលោកមិនត្រឹមតែប៉ះពាល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់បណ្តាប្រទេសនានាទាំងអស់ ហេតុនេះទើបយើងផ្តល់ឥណទានមានការប្រុងប្រយ័ត្នជាងមុន យើងមានការឆែកប្រវត្តិឥណទានច្បាស់លាស់ ដើម្បីធ្វើឲ្យប្រាកដថា ឥណទានរបស់យើងគ្មានហានិភ័យ ហើយអតិថិជន ដែលជាដៃគូអាជីវកម្មរបស់យើង មិនប្រឈមហានិភ័យផងដែរ។
លោកបន្តថា ក្នុងអំឡុងដើមឆ្នាំនេះ ការបញ្ចេញឥណទានរបស់យើងមានភាពសមាមាត្រនឹងអ្វី ដែលជាគោលនយោបាយ និងផែនការរបស់ធនាគារដាក់ចេញ។ ជាមួយគ្នានេះផងដែរ កម្រិតប្រាក់បញ្ញើររបស់ធនាគារ ក៏បានថមថយល្បឿនផងដែរ ប៉ុន្តែវានៅតែមានសញ្ញារ៉ឹងមាំ និងអាចទទួលយកបាន៕