សុខុម
ភ្នំពេញ: កម្ពុជា បាននាំចេញកង់ក្នុងទំហំទឹកប្រាក់២៧៨លានដុល្លារអាមេរិក ទៅកាន់ទីផ្សារបរទេសក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣។
តួលេខនេះបង្ហាញពីការកើនឡើងជិត២០% នេះបើយោងតាមក្រសួងពាណិជ្ជកម្មបានបញ្ជាក់ក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារ ទី០២ ខែឧសភា។
លោក ប៉ែន សុវីជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កង់ដែលផលិតនៅកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមានសហភាពអឺរ៉ុប អង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន ប្រទេសចិន និងប្រទេសជាច្រើនទៀត។
អ្នកនាំពាក្យរូបនេះបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “កង់បានក្លាយជាផលិតផលមួយក្នុងចំណោមផលិតផលផលិតកម្មសំខាន់ៗរបស់យើងសម្រាប់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ”។
លោកបានបន្ថែមទៀតថា កម្ពុជា ជាប់ចំណាត់លេខ១ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាក់ទិននឹងការនាំចេញកង់។
បច្ចុប្បន្នមានក្រុមហ៊ុនផលិតកង់ចំនួន៥នៅក្នុងប្រទេសកម្ពុជា ដែលសុទ្ធតែមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុងបាវិត ខេត្តស្វាយរៀង៕ Xinhua៕