ស្មាតហ្វូនចិន ក្នុងទីផ្សាររុស្ស៊ី ត្រូវប៉ាន់ខ្លាំងដោយការលក់កើនឡើងជាង៧០% ខណៈរុស្ស៊ី ឈប់ប្រើ iPhone

សុខុម

សិង្ហបុរី: ទូរស័ព្ទស្មាតហ្វូនចិន ក្នុងទីផ្សាររុស្ស៊ី ពេលនេះគ្របដណ្ដប់រហូតដល់ទៅជាង៧០% នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ពោលគឺកើនឡើងប្រមាណ៥០%ធៀបនឹងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិករាយរបស់រុស្ស៊ី M.Video-Eldorado និយាយថា កំណើនស្មាតហ្វូនចិន បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនកូរ៉េ Samsung និងក្រុមហ៊ុនអាមេរិក Apple បានកាត់បន្ថយការលក់របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដោយសារបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយពេលនេះក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi និង Realme បានកាន់កាប់តំណែងកំពូលនៅក្នុងទីផ្សារនេះ។

រដ្ឋាភិបាលក្រុងមូស្គូ កំពុងពឹងផ្អែកកាន់តែខ្លាំងលើរដ្ឋាភិបាលក្រុងប៉េកាំង ដោយបានបង្កើនការប្រើប្រាស់ប្រាក់យ័ន របស់ចិន យ៉ាងច្រើនសម្បើម បង្កើនការផ្គត់ផ្គង់ថាមពលដល់ប្រទេសចិន និងបានចាប់ផ្តើមលក់រថយន្តចិន កាន់តែច្រើន ខណៈបណ្ដាក្រុមហ៊ុនផលិតរថយន្តលោកខាងលិច ចាកចេញពីប្រទេសរុស្ស៊ី។

យោងតាមក្រុមហ៊ុន M.Video-Eldorado ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ នេះក្រុមហ៊ុន Apple បានធ្លាក់ចុះពីលេខរៀងទី១ មកនៅលេខរៀងទី៣ ហើយក្រុមហ៊ុន Samsung បានធ្លាក់ចុះពីលេខរៀងទី៣ មកនៅលេខរៀងទី៤។

ក្រុមហ៊ុនដដែលបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទី១៧ ខែមេសា ថា “តម្រូវការទំនិញចិន បានកើនឡើង៤២%ធៀបនឹងឆ្នាំមុន ហើយចំណែកទីផ្សារសសរុបនៃទំនិញចិន ទាំងនោះបានគ្របដណ្ដប់ជាង៧០%”។

កាសែត Kommersant បានចុះផ្សាយកាលពីខែមុនថា ប្រទេសរុស្ស៊ី កំពុងព្យាយាមផ្តាច់ខ្លួនចេញពីបច្ចេកវិទ្យារបស់លោកខាងលិច ហើយវិមាន ក្រឹមឡាំង (រុស្ស៊ី) បានប្រាប់ក្រុមមន្ត្រីដែលចូលរួមពាក់ព័ន្ធនឹងការរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ឱ្យឈប់ប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដោយសារតែមានការព្រួយបារម្ភថា បណ្ដាទីភ្នាក់ងារចារកម្មលោកខាងលិច អាចនឹងលួចយកការណ៍សម្ងាត់តាមរយៈគ្រឿងអេឡិចត្រូនិកទាំងនោះ។

ទន្ទឹមនេះវិមានក្រឹមឡាំង ក៏បានអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនរុស្ស៊ី នាំចូលផលិតផលមួយចំនួនរួមទាំងស្មាតហ្វូនដោយគ្មានការអនុញ្ញាតពីអ្នកកាន់អាជ្ញាប័ណ្ណផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here