ដោយៈ លក្ខិណា
ភ្នំពេញៈ បច្ចុប្បន្នពលករកម្ពុជា កំពុងធ្វើការនៅប្រទេសថៃមានចំនួនសរុបប្រមាណ១,២លាននាក់ ហើយក្នុងម្នាក់ៗជាមធ្យមបានផ្ញើប្រាក់មកកាន់ក្រុមគ្រួសាររបស់ពួកគេ នៅក្នុងប្រទេសកម្ពុជាចំនួន១៦៧ដុល្លារអាមេរិក។ នេះបើតាមលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅក្នុងពិធីជួបជុំពលករកម្ពុជានៅប្រទេសថៃ កាលពីពេលថ្មីៗនេះ។
លោកបណ្ឌិតមានប្រសាសន៍ថា បងប្អូនពលករកម្ពុជាយើងពិតជាមានស្មារតីតស៊ូ អត់ធ្មត់ខិតខំធ្វើការរកកម្រៃចិញ្ចឹមគ្រួសារ និងបានរួមចំណែកក្នុងការរកចំណូលជូនជាតិផងដែរ។ បើគិតក្នុងម្នាក់ផ្ញើប្រាក់ត្រលប់ទៅស្រុកចំនួន១៦៧ដុល្លារអាមេរិក ក្នុងមួយខែនោះ ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ សរុបចំនួន១លាន២សែននាក់ ដូច្នេះក្នុងមួយខែពួកគេ បានផ្ញើប្រាក់ត្រលប់ទៅកម្ពុជាចំនួនជាង២០០លានដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំពលករនៅប្រទេសថៃ បានផ្ញើប្រាក់ត្រលប់ទៅកម្ពុជាវិញ មានទឹកប្រាក់ប្រមាណជាង២ពាន់លានដុល្លារអាមេរិក ។
ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ននេះ រួមមាននៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មនេសាទ និង សំណង់ជាដើម ហើយអ្នកខ្លះបានរៀបការនៅក្នុងប្រទេសថៃ មានកូនចៅ និងឱ្យកូនចៅរៀននៅក្នុងប្រទេសថៃផងដែរ។ អ្នកខ្លះទៀត មួយឆ្នាំ ឬកន្លះឆ្នាំពួកគេបានត្រលប់មកលេងស្រុកម្ដង ជាពិសេសនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានបងប្អុនពលករកម្ពុជាជាច្រើន បានសម្រុកលេងចូលឆ្នាំនៅស្រុកកំណើត ដែលធ្វើឱ្យមានការកកស្ទះខ្លាំង នៅតាមច្រកព្រំដែនកម្ពុជា ថៃ ដូចជាច្រកប៉ោយ ប៉ែតក្នុងខេត្តបន្ទាយមានជ័យ ច្រកឡែមខេត្តបាត់ដំបង ជាដើម ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញថា គិតត្រឹមដើមឆ្នាំ២០២៣ ចំនួនពលករកម្ពុជាកំពុងធ្វើការ នៅក្រៅប្រទេសមានចំនួនសរុប១,៣២លាននាក់ ក្នុងនោះប្រទេសថៃ មានចំនួនច្រើនជាងគឺ១,២លាននាក់ កូរ៉េខាងត្បូងមានចំនួនជិត៥ម៉ឺននាក់ ជប៉ុនមានចំនួន១ម៉ឺន៦ពាន់នាក់ ម៉ាឡេស៊ីមាន២ម៉ឺន២ពាន់នាក់ សិង្ហបុរីមានចំនួន៨៥១នាក់ ទីក្រុងហុងកុងមានចំនួន២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីតមានចំនួន១១នាក់ ។
ក្នុងចំណោមពលករធ្វើការ នៅក្រៅប្រទេសទាំងអស់នេះ ក្នុងមួយឆ្នាំគេបានផ្ញើប្រាក់ត្រលប់មក ឱ្យបងប្អូនសាច់ញាតិក្នុងប្រទេសវិញមានចំនួន២,៧ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដែលផ្ញើពីប្រទេសថៃក៏មានចំនួនច្រើនជាងគេដែរក្នុងមួយឆ្នាំៗ៕