ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មូលនិធិអាកាសធាតុបៃតង (GCF) បានអនុម័តគម្រោង១ មានទឹកប្រាក់ចំនួន៤៣លានដុល្លារអាមេរិក ដើម្បីបង្កើនសមត្ថភាពបបន្សាំរបស់កសិករខ្នាតតូច សហគមន៍មូលដ្ឋាន និងតួអង្គខ្សែចង្វាក់តម្លៃផ្សេងទៀត នៃអាងទន្លេសាបប៉ែកខាងជើង។
ការអនុម័តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលលើកទី៣៥ របស់ GCF កាលពីថ្ងៃទី ១៥ ខែមីនា នៅទីក្រុង Songdo ប្រទេសកូរ៉េខាងត្បូង។
គម្រោងនេះមានឈ្មោះថា “ភាពជាដៃគូរវាងរដ្ឋនិងឯកជនសម្រាប់កសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន និងមុខរបរដែលមានភាពធន់នៅអាងទន្លេសាបខាងជើង (PEARL)» ដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO)។
FAO បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ១៥ មីនាថាចំនួនទឹកប្រាក់ ដែលបានអនុម័តនេះ នឹងផ្តល់មូលនិធិដល់គម្រោងរយៈពេល៦ឆ្នាំ ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់កសិករខ្នាតតូចចំនួន៤៥០ ០០០នាក់ និងតួអង្គខ្សែចង្វាក់តម្លៃ ក្នុងស្រុកនៅក្នុងអាងទន្លេសាបខាងជើង។
FAO បញ្ជាក់ថា អាងទន្លេសាបខាងជើង គឺជាតំបន់កសិកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងផ្តល់ធនធានចាំបាច់ សម្រាប់គាំទ្រមុខរបររបស់ប្រជាជនកម្ពុជាជាង៣លាននាក់។
ប៉ុន្តែវាគឺជាតំបន់មួយ ក្នុងចំណោមតំបន់ដែលងាយរងគ្រោះបំផុត នៅក្នុងប្រទេសដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលត្រូវបានព្យាករថា នឹងរងគ្រោះកាន់តែញឹកញាប់ និងខ្លាំងឡើង ដោយសារការប្រែប្រួលអាកាសធាតុ ដោយធ្វើឱ្យភាពងាយរងគ្រោះផ្នែកសង្គមកាន់តែធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់បានថ្លែងថា មានសក្តានុពល ដែលមិនទាន់បានប្រើប្រាស់នៅឡើយ សម្រាប់កសិករខ្នាតតូចក្នុងតំបន់នេះ ដើម្បីជំរុញកសិកម្ម ដែលធន់នឹងអាកាសធាតុ មិនប៉ះពាល់ដល់បរិស្ថាន និងមានតម្លៃខ្ពស់។
លោកថ្លែងថា “ការអនុម័តគម្រោង PEARL នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការដោះស្រាយបញ្ហាប្រឈម នៃការសម្របខ្លួនជាបន្ទាន់ របស់កសិករខ្នាតតូចនៅក្នុងតំបន់នេះ”។
គម្រោង PEARL ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកទទួលផលខ្សែចង្វាក់តម្លៃផ្សេងទៀត ដោយធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានព័ត៌មានអាកាសធាតុ ក៏ដូចជាការផ្តល់ការប្រឹក្សាបច្ចេកទេសកសិកម្ម ដល់កសិករហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីពង្រឹងភាពធន់ នឹងការប្រែប្រួលអាកាសធាតុ តាមរយៈមុខរបរកសិកម្ម ដែលផ្តោតលើទីផ្សារ ដោយទទួលបានព័ត៌មានពីអាកាសធាតុ។
លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជាថ្លែងថា គម្រោងនេះរៀបចំឡើង ដោយមានភាពច្នៃប្រឌិតដែលប្រើយន្តការផ្អែកលើទីផ្សារ ដើម្បីពង្រឹងសនិទានភាពសម្រាប់កសិករ និងតួអង្គខ្សែចង្វាក់តម្លៃ ក្នុងស្រុកផ្សេងទៀត ដើម្បីអនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ មាននិរន្តរភាព និងទទួលបានផលចំណេញតាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជនប្រកបដោយប្រសិទ្ធភាព។
លោកស្រីបន្តថា “គម្រោងនេះជួយកសិករខ្នាតតូច និងតួអង្គខ្សែចង្វាក់តម្លៃ ក្នុងស្រុកផ្សេងទៀតទទួលបាន និងប្រើប្រាស់ឱកាសទីផ្សារ និងឧបករណ៍ ដែលនឹងកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេ ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម និងមុខរបរកសិកម្ម”៕