ព្យាករណ៍ថ្មី: មហាយក្សចិននឹងសម្រេចបានកំណើនGDPក្នុងរង្វង់៦,៥ភាគរយក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

ប៉េកាំង: សេដ្ឋវិទូ និងធនាគារវិនិយោគជាច្រើន បានដំឡើងការព្យាកររបស់ខ្លួនថា ប្រទេសចិនក្នុងឆ្នាំ២០២៣ នេះនឹងសម្រេចបានកំណើនផលទុនជាតិសរុប (GDP) ចន្លោះពី៦% ទៅ៦,៥%។

ការដំឡើងការព្យាករនេះធ្វើឡើង បន្ទាប់ពីទីផ្សារប្រើប្រាស់ក្នុងប្រទេសចិន មានសន្ទុះកើនឡើងខ្លាំង អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ នេះបើយោងតាមគេហទំព័រ Livemint.com ដែលបានចុះផ្សាយដោយដកស្រង់ប្រភពពីកាសែត Global Times កាលពីថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chen Fengying សេដ្ឋវិទូ និងជាអតីតនាយកវិទ្យាស្ថានសិក្សាសេដ្ឋកិច្ចពិភពលោក (Institute of World Economic Studies) នៅប្រទេសស៊ុយអែត បានប្រាប់កាសែត Global Times ថា សេដ្ឋកិច្ចរបស់ប្រទេសចិន អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់៦%នៅក្នុងឆ្នាំ២០២៣។

សេដ្ឋវិទូរូបនេះគូសបញ្ជាក់ថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន នេះគឺដោយសារគោលនយោបាយគាំទ្រដ៏រឹងមាំ និងការថម​ថយនៃវិបត្តិកូវីដ-១៩ ព្រមទាំងកំណើនគួរឱ្យកត់សម្គាល់ នៅក្នុងវិស័យដែលកំពុងរីកចម្រើននានា។

ទន្ទឹមនេះ សេដ្ឋវិទូមួយរូបទៀតឈ្មោះ Cao Heping ដែលមកពីសាកលវិទ្យាល័យប៉េកាំង (Peking University) ក៏បានព្យាករដែរថា ប្រទេសចិន អាចនឹងសម្រេចបានកំណើន GDP ចន្លោះពី៦%ទៅ៦,៥%។

លោក Cao Heping បានប្រាប់កាសែត Global Times ថា ឱកាសវិនិយោគថ្មីៗក្នុងការជួសជុលបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ជនបទ ព្រមទាំងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធឌីជីថលនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំនានា ដូចជា ផ្លូវថ្នល់ ផ្លូវដែក ផែ និងគម្រោងផ្សេងទៀតជាដើមនោះ នឹងផ្ដល់កំណើនដល់ឧស្សាហកម្មថ្មីៗ ហើយវានឹងជួយកែប្រែស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបានច្រើន។

ការលើកឡើងទាំងនេះធ្វើឡើង នៅពេលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះនឹងសម្រេចបានកំណើនក្នុងរង្វង់៥,២%ក្នុងឆ្នាំនេះ។

លោកស្រី Sonali Jain-Chandra ប្រធានបេសកកម្មរបស់ស្ថាប័ន IMFសម្រាប់ប្រទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា សេដ្ឋកិច្ចចិន “កំពុងដំណើរការក្រោមសក្តានុពល នៅឡើយ” ក្នុងឆ្នាំ២០២៣។

កាលពីថ្ងៃទី១៩ ខែមករា ដើមឆ្នាំនេះ លោកស្រីGita Gopinath នាយករងនៃស្ថាប័ន IMF បានលើកឡើងថា សេដ្ឋកិច្ចប្រទេសចិន អាចនឹងមានសន្ទុះងើបឡើងខ្លាំង ចាប់ពីត្រីមាសទី២ តទៅដោយផ្អែកលើស្ថានភាពឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ន បន្ទាប់ពីដកចេញវិធានការណ៍ រឹតបន្តឹងកូវីដ-១៩ ភាគច្រើន៕ Livemint.com៕

LEAVE A REPLY

Please enter your comment!
Please enter your name here