កម្ពុជាបើកដំណើរការកម្មវិធីមួយដើម្បីតភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី ​សេវា​កសិកម្ម​សម្រាប់​សេដ្ឋកិច្ច​ជនបទ​រួម​មួយ​ និង​ពាណិជ្ជកម្ម​កសិកម្ម ​ក្នុង​គោលបំណង​ភ្ជាប់​ផលិតផល​កសិកម្ម​ទៅ​នឹងទីផ្សារ។

គម្រោងដែលមានរយៈពេល៧ឆ្នាំនេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញពាណិជ្ជកម្មផលិតផលកសិកម្មសំខាន់ៗ ដូចជា បន្លែ គ្រាប់ស្វាយចន្ទី ផ្លែឈើស្រស់ ផលិតផលផ្លែឈើកែច្នៃ និងបសុបក្សី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “គម្រោងនេះនឹងជួយតភ្ជាប់ផលិតផល កសិកម្មរបស់កសិករជាមួយនឹងទីផ្សារនាំចេញ និងក្នុងស្រុក”។លោក​បាន​បន្ត​ថា​ “វា​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជនបទ​ របស់​ប្រទេស​កម្ពុជា តាមរយៈ​កំណើន​កសិកម្ម​រួម​និង​និរន្តរភាព”។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ដល់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានគាំទ្រកម្មវិធីនេះ ដែលមានសារៈសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជា និងជួយកាត់បន្ថយភាពក្រីក្រ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្មវិធីនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច ចំនួន១២៥.០០០នាក់ ដែលរស់នៅ ឬជិតបន្ទាត់នៃភាពក្រីក្រ។

ដោយមានប្រជាជនចំនួន១៦លាននាក់ អត្រានៃភាពក្រីក្ររបស់ប្រទេសកម្ពុជា បានស្ថិតនៅត្រឹម១៧,៨ភាគរយក្នុងឆ្នាំ២០២០។ នេះបើយោងតាមក្រសួងផែនការ។

យោងតាមធនាគារពិភពលោកនៅកម្ពុជាបានឱ្យដឹងថា ខ្សែបន្ទាត់ភាពក្រីក្រជាតិ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្នគឺ១០.៩៥១រៀល ឬ២,៧ដុល្លារអាមេរិកក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here