ដោយគង់ សិរីម៉ាលីនណា
ភ្នំពេញៈ ទំនុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរលើស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង ដែលធ្វើឲ្យសុខភាពវិស័យហិរញ្ញវត្ថុកម្ពុជា កាន់តែបមានភាពរ៉ឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
ប៉ុន្តែសំណួរនៅទីនេះគឺថា តើធនាគារបានចូលរួមសម្រួលដល់ជីវភាពប្រចាំថ្ងៃ និងលើកកំពស់គុណភាពជីវិតអ្នកដូចម្តេច? វាជាសំណួរសំខាន់មួយដែលយើងនឹងឆ្លើយនៅទីនេះ រួមមានដូចជា ទី១សុវត្ថិភាព៖ មិនបារម្ភពីចោរលួចប្លន់ ភ្លើងឆេះ ឬបាត់បង់ដោយប្រការផ្សេងៗ
ទី២ ងាយស្រួលដកវិញ ព្រោះអាចដកពេលណាក៏បានតាម អេធីអឹម-ATM ២៤ម៉ោងលើ ២៤ម៉ោង ទី៣. សន្សំប្រាក់បាន ទី៤ កសាងទំនាក់ទំនងល្អជាមួយធនាគារ ដើម្បីងាយស្រួលខ្ចីប្រាក់ទៅថ្ងៃក្រោយ។
ហេតុនេះដើម្បីយល់កាន់តែច្បាស់ពីធនាគារ គេគួរដឹងអំពីតួនាទីរបស់បុគ្គលិកបួនប្រភេទដែលគេតែងជួបទំនាក់ ទំនងជាញឹកញាប់ពេលទៅធានាគារដែលអ្នកត្រូវជួបជាមួយ
១ អ្នកផ្តល់សេវាកម្មសំរាប់អតិថិជនៈ ជាអ្នកផ្តល់ព័ត៌មានអំពីធនាគារ ឆ្លើយតបនឹងចំងល់អតិថិជន ពន្យល់ពីសេវាកម្មធនាគារ ជួយបើកគណនីឲ្យអតិថិជន និងនាំអតិថិជនទៅរកអ្នកដែលអាចជួយដោះស្រាយបញ្ហាបាន។
២ បេឡាករៈ ជាអ្នកទទួលប្រាក់ និងដកប្រាក់ឲ្យអតិថិជន ឆ្លើយតបនឹងសំណួរ និងនាំអតិថិជនទៅជួបអ្នកដែលអាចដោះស្រាយបញ្ហាបានទូលំទូលាយ។
៣ មន្ត្រីឥណទានៈ ទទួលពាក្យសុំខ្ចីប្រាក់ ជួយបំពេញសំណុំបែបបទ ឆ្លើយតបនឹងសំណួរ ផ្តល់ឯកសារសេវាកម្មក្រុមហ៊ុន
៤ ប្រធានសាខារបស់ធនាគារៈ គ្រប់គ្រងដឹកនាំ ប្រតិបត្តិការទូទៅរបស់ធនាគារ និងជួយដោះស្រាយបញ្ហានានា ដែលបុគ្គលិកដោះស្រាយមិនចេញ៕