ដោយគង់ ម៉ាលីនណា
ភ្នំពេញៈ ស្ថាប័នមីក្រូហិរញ្ញវត្ថុនានានៅតែមានការរីកចម្រើន បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិ Covid-19 និងផលប៉ះពាល់ពីគ្រោះទឹកជំនន់ក្នុងរយៈពេលខ្លីក្តី ប៉ុន្តែយ៉ាងណាក៏ដោយក៏អត្រាសងត្រលប់បង្ហាញសញ្ញាកើនឡើង។
លោកសាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលជាស្ថាប័នមានបុគ្គលិកប្រមាណ ១០,០០០នាក់ និងសាខាជិត ១៨១ កន្លែងនៅទូទាំងប្រទេស បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅតែមានការរីកចម្រើន ប៉ុន្តែអត្រាកំនើនទាបជាងឆ្នាំមុន ដោយសារកម្ពុជាកំពុងមានបញ្ហាដោយសារជំងឺរាតត្បាត ដែលបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចសាកល។
លោកបន្តថា “ជាទូទៅយើងនៅតែមានសញ្ញាល្អ សុខភាពក្នុងវិស័យនេះនៅតែមានភាពរ៉ឹងមាំ បើទោះជាអត្រាសងត្រលប់បានកើនឡើងបន្តិចក្តី ប៉ុន្តែវាមិនទាន់ឈានដល់កម្រិតណានិភ័យនៅឡើយទេ” ។
ជាមួយគ្នានេះលោកឧកញ៉ាហួត អៀងតុង អគ្គនាយកធនាគារហត្ថាកសិករ ដែលទើបតែប្រែក្លាយពីស្ថាប័នមីក្រូហិរញ្ញវត្ថុ មកជាធនាគារកាលពីខែកញ្ញាកន្លងមកនេះបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារនេះនៅតែមានភាពល្អប្រសើរ ហើយសុខភាពក្នុងធនាគារហត្ថាកសិករនៅតែមានភាពរ៉ឹងមាំ ដោយសាររដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយដ៏ត្រឹមត្រូវ ដែលបានជួយដល់វិស័យនេះ តាមរយៈការកែសម្រួលនូវលក្ខខ័ណ្ឌបង់ប្រាក់ ដល់អតិថិជន ដែលកំពុងប្រឈមមុខនឹងបញ្ហាជំងឺ Covid-19 ។
លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិស័យនេះនៅតែបន្តមានភាពល្អប្រសើរ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពិសេសទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើវិស័យនេះ” ។ លោកបន្តថា “ ទោះបីជាយើងឃើញមានសញ្ញាកើនឡើងនៃការសងយឺតក្តី ប៉ុន្តែវាមិនទាន់ឈានដល់ចំណុចគួរឲ្យព្រួយបារម្ភនៅឡើយទេ” ។
នៅកម្ពុជាមានធនាគារ និងមីក្រូហិរញ្ញវត្ថុជាង១០០ស្ថាប័ន ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកំពស់សេដ្ឋកិច្ចជាតិ៕