ដោយ: លាងហួរ
រុស្ស៊ីៈ សំឡេងផ្ទុះជាច្រើន ត្រូវបានគេរាយការណ៍មកថា បានកើតឡើងនៅតំបន់Crimea និងបន្ទាយយោធារុស្ស៊ី រួមទាំងទីក្រុង Melitopol ស្ថិតក្នុងសាធារណរដ្ឋប្រជាមានិតDonetsk ដែលរុស្សុីបានប្រកាសបង្កើតឡើងដោយខ្លួនឯងផងដែរ។
នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានCNN កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
ការបំផ្ទុះ នៅក្នុងទីក្រុង Melitopol បានកើតឡើង ស្របពេលដែលមានសេចក្តីរាយការណ៍ ពីមន្ត្រីភាគីទាំងសងខាងមកថា អ៊ុយក្រែនបានបើកការវាយប្រហារ ដោយមីស៊ីលលើទីក្រុង កាលពីថ្ងៃសៅរ៍ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថា កាំជ្រួចចំនួន២០គ្រាប់ បានវាយប្រហារលើសាធារណរដ្ឋប្រជាមានិត Donetsk របស់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ។
យោងតាមអភិបាលក្រុង Melitopol ដែលបង្កើតឡើយដោយទីក្រុងម៉ូស្គូ បានរាយការណ៍ថា កាំជ្រួចចំនួន៤បានវាយប្រហារទីក្រុងនេះ ដោយបានសម្លាប់មនុស្សចំនួន២នាក់ និងធ្វើឱ្យមនុស្សរបួសចំនួន១០នាក់ ខណៈមានការផ្ទុះជាច្រើនបានកើតឡើង រួមទាំងក្នុងព្រះវិហារសាសនា ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយលើការផ្ទុះនៅតំបន់Crimea និងនៅសាធារណរដ្ឋប្រជាមានិត Donetsk នោះទេ ហើយសារព៌តមានCNN មិនអាចបញ្ជាក់មូលហេតុ នៃការបំផ្ទុះ ឬទំហំនៃការខូចខាតនោះទេ។
លោក Yevgeny Balitsky អភិបាលស្តីទី នៃទីក្រុង Zaporizhzhia របស់ប្រទេសរុស្ស៊ីបានមានប្រសាសន៍ថា ការវាយប្រហារដោយកាំជ្រួច របស់អ៊ុយក្រែន ទៅលើទីក្រុង Melitopol បានបំផ្លាញចោលទាំងស្រុងនូវមជ្ឈមណ្ឌលកម្សាន្តមួយ ដែលប្រជាជនស៊ីវិល ទាហាន និងបុគ្គលិកមូល ដ្ឋាន កំពុងទទួលទានអាហារពេលល្ងាច កាលពីយប់ថ្ងៃសៅរ៍។
ដោយឡែក លោក Ivan Fedorov អតីតអភិបាលក្រុង Melitopol របស់ប្រទេសអ៊ុយក្រែនបានអះអាងថា អ៊ុយក្រែន បានបាញ់មីស៊ីលកំណត់គោលដៅទៅលើមូលដ្ឋានយោធា របស់រុស្ស៊ីតែប៉ុណ្ណោះ៕