ដោយៈ សុខុម
ម៉ូស្គូ: ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន និយាយថា ការគំរាមកំហែង អំពីលទ្ធភាពផ្ទុះសង្គ្រាមនុយក្លេអ៊ែរកំពុងកើនឡើង ប៉ុន្តែបញ្ជាក់ថា ក្រុងម៉ូស្គូ “មិនទាន់ឆ្កួតដល់ថ្នាក់ប្រើអាវុធនុយក្លេអ៊ែរ របស់ខ្លួនមុនគេនោះទេ”។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី៧ ខែធ្នូ។
ជាការឆ្លើយតបភ្លាមៗក្នុងថ្ងៃដដែល សហរដ្ឋអាមេរិក បានថ្កោលទោសថា ការនិយាយអំពីសង្គ្រាមនុយក្លេអ៊ែរ ជាការនិយាយឱ្យរួចពីមាត់ប៉ុណ្ណោះ បន្ទាប់ពីលោកពូទីន ប្រកាសថា រុស្ស៊ី នឹងប្រើគ្រាប់បែបបរិមាណូតែក្នុងករណីឆ្លើយតប ទៅនឹងការវាយប្រហាររបស់សត្រូវប៉ុណ្ណោះ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “យើងយល់ថា ការនិយាយឱ្យតែរួចពីមាត់អំពីអាវុធនុយក្លេអ៊ែរ គឺជាទង្វើគ្មានទំនួលខុសត្រូវទាល់តែសោះ”។
កន្លងមក សហរដ្ឋអាមេរិក ធ្លាប់ព្រមានក្រុងមូស្គូ ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីលោកពូទីន បានគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរកាលពីខែកញ្ញា។
កាលពីថ្ងៃពុធ សប្ដាហ៍នេះក្នុងកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់លោក ដែលចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ លោកពូទីន និយាយថា “យើងនឹងការពារខ្លួនពួកយើង តាមគ្រប់មធ្យោបាយដែលយើងមាន”។
ទន្ទឹមនេះលោកបានព្រមានជាថ្មីម្ដងថា ហានិភ័យនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរកំពុងតែកើនឡើង ប៉ុន្តែបញ្ជាក់ថា រុស្ស៊ី នឹងមិនប្រើអាវុធនុយក្លេអ៊ែរ ដើម្បីធ្វើការវាយប្រហារមុននោះឡើយ ពោលគឺប្រើដើម្បីធ្វើការឆ្លើយតបប៉ុណ្ណោះ។
លោកពូទីន បញ្ជាក់យ៉ាងច្បាស់ៗថា “យើងមិនទាន់ឆ្កួតនោះទេ យើងដឹងច្បាស់ណាស់ថា អាវុធនុយក្លេអ៊ែរជាអ្វី”៕ Aljazeera៕