ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍នានា ដឹកនាំដោយលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិស គម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) លើកទី៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំជាលើកទី៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ប្រធានអង្គការ GIZ Cambodia Eurocham Cambodia និងនាយកគម្រោង ARISE Plus Cambodia។
កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនេះ មានគោលបំណងដើម្បីរាយការណ៍ និងពិនិត្យមើលវឌ្ឍនៈភាពការងារសំខាន់ៗ ដែលសម្រេចបានកន្លងមក និងរៀបចំផែនការបន្ទាប់ ដែលមានសមាសភាគចំនួនបី ដូចជា ការធ្វើឱ្យប្រសើឡើងនូវស្តង់ដារពន្ធគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពស្ថាប័ន និងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបញ្ញត្តិ និងការធានានូវការចូលរួមពីវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការត្រៀមខ្លួន សម្រាប់ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
កិច្ចប្រជុំនេះ ក៏មានការរាយការណ៍ និងពិនិត្យទៅលើរបៀបវារៈសំខាន់ៗ រួមមាន (១) ការវាយតម្លៃពាក់កណ្តាលគម្រោង (២) ការសិក្សាអំពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសិក្សាអំពីផលប៉ះពាល់ពាណិជ្ជកម្ម និង៣) ផែនការអនុវត្តគម្រោង ARISE Plus Cambodia សម្រាប់ឆ្នាំ២០២៣។
លោកសុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីសមិទ្ធិផលសំខាន់ៗ នៃការអនុវត្តគម្រោងរួមមាន ទី១ ការសម្ពោធដាក់អោយដំណើរ និងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ទិន្នន័យគយ (ASYCUDA) ទី២ ការវាយតម្លៃច្រកចេញចូលតែមួយថ្នាក់ជាតិ ទី៣ យុទ្ធសាស្ត្រ និងផែនការសកម្មភាពAEO ទី៤ វគ្គបណ្តុះបណ្តាលការចរចាពាណិជ្ជកម្មសេរី និងការសម្ពោធដាក់ឱប្រើប្រាស់ នូវសៀវភៅមគ្គុទេសក៏ ស្តីពីការចរចាពាណិជ្ជកម្មសេរីសម្រាប់កម្ពុជា ទី៥ ការត្រៀមបង្កើតមជ្ឈមណ្ឌលចំណេះដឹង សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទី៦ យុទ្ធសាស្ត្រអភិវឌ្ឍន៍ការនាំចេញ សម្រាប់សហគ្រាសធុនតូច និងមធ្យម៕