ក្រុមហ៊ុនTeslaកំណត់យកប្រទេសកូរ៉េខាងត្បូងជាបេក្ខភាពកំពូលដើម្បីបោះទុនវិនិយោគលើរថយន្តអគ្គសនី

ដោយ: លាងហួរ

សេអ៊ូល: យោងតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងចំណោមប្រទេស កំពូលរបស់ខ្លួន ក្នុងការបណ្តាក់ទុនវិនិយោគ លើរោងចក្រផលិតរថយន្តអគ្គិសនី(EVs)។

ការិយាល័យរបស់លោក Yoon បានរាយការណ៍ថា លោក Elon Musk បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនា ជាវីដេអូជាមួយប្រធា​នាធិបតីលោក Yoon Suk-yeol ដោយលោកបានបន្ថែមថា ក្រុមហ៊ុនTeslaគ្រោងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងត្បូងលើខ្សែសង្វាក់ផ្គត់ផ្គង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រធានាធិបតីYoon Suk-yeol បានស្នើឱ្យលោក Elon Musk សាងសង់រោងចក្រ ដែលបានគ្រោងទុកនៅប្រទេសកូរ៉េខាងត្បូង។

ជាការឆ្លើយតប លោក Musk បានមានប្រសាសន៍ថា លោកបានចាត់ទុកកូរ៉េខាងត្បូងជាបេក្ខភាពកំពូលមួយ ហើយលោកនឹងធ្វើការសម្រេចចិត្ត បន្ទាប់ពីពិនិត្យមើលលក្ខខណ្ឌ នៃការវិនិយោគនៅក្នុងប្រទេសផ្សេងៗ រួមទាំងគុណភាពការងារ កម្រិតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​។

លោកElon Musk បានបន្តថា យើងគ្រោងទិញគ្រឿងបន្លាស់ ដែលមានតម្លៃជាង១០ពាន់លានដុល្លារ ពីក្រុមហ៊ុនកូរ៉េខាងត្បូងនៅឆ្នាំ២០២៣ ខណៈយើងនឹងពង្រីកកិច្ចសហប្រតិបត្តិការ ខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងសំខាន់ជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង។

លោក Yoon បានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាថា លោកនឹងធ្វើកំណែទម្រង់បទប្បញ្ញត្តិ ដែលមិនសមហេតុផលដែលរារាំង ការវិនិយោគដោយក្រុមហ៊ុនបច្ចេកវិទ្យាសកល ។

លោកប្រធានាធិបតី បានបន្ថែមថា រដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសនេះ។

ក្រុមហ៊ុន LG Energy Solution Ltd របស់ប្រទេសកូរ៉េខាងត្បូង ផ្គត់ផ្គង់ថ្មអាគុយដល់ក្រុមហ៊ុន Tesla ដូចក្រុមហ៊ុន Panasonic Corp Holding របស់ជប៉ុន និងក្រុមហ៊ុន Conmporary Amperex Technology Co.របស់ប្រទេសចិនផងដែរ។

ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុន Tesla អាចធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាក្រុមហ៊ុនផ្គត់ផ្គង់កូរ៉េខាងត្បូង ដូចជា Samsung Electronics Co Ltd និង LG Innotek Co Ltd ប្រសិនបើខ្លួនសាងសង់រោងចក្រនៅក្នុងប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here