ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រតិភូជាន់ខ្ពស់កម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ពិព័រណ៍ចិន-អាស៊ី ខាងត្បូងលើកទី៦ និងពិព័រណ៍នាំចេញ-នាំចូល គុនមីងចិនលើកទី២៦ បានបើកសម្ភោធនៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។
ពិធីនេះមានការអញ្ជើញចូលរូម ពីលោកឈួន ដារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីសម្ភោធពិព័រណ៍តាមប្រព័ន្ធអនឡាញ។
ពិធីសម្ភោធពិព័រណ៍ខាងលើនេះ បានប្រព្រឹត្ត ទៅក្រោមអធិបតីភាពលោក Wang Yubo អភិបាលខេត្តយូណាន និងលោកLi Fei ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសចិន និងមានការចូលរួមពី និងរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីនៃបណ្តាប្រទេសនានា ជាពិសេសមានការចូលរួមថ្លែងសុន្ទរកថាពីឯកឧត្តមរដ្ឋមន្រ្តី និងអភិបាលខេត្ត នៃប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងរួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ាជាដើម។

ក្រោមប្រធានបទ “ការចែករំលែកឱកាសថ្មី និងការស្វែងរកការ អភិវ ឌ្ឍន៍ថ្មីរួមគ្នា” នៃពិព័រណ៍ចិន-អាស៊ីខាងត្បូងឆ្នាំនេះ ក្នុងគោលគោលបំណងពន្លឿនការតភ្ជាប់រវាងទីផ្សារធំៗទាំងពីរ នៃប្រទេសចិន និងអាស៊ីខាងត្បូង ចែករំលែកឱកាសនៃ ការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន និងរួមគ្នាស្វែងរកកាលានុវត្តភាពថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងប្រទេសចិន-អាស៊ីខាងត្បូង។
ក្នុងរយៈពេល៤ថ្ងៃនៃពិព័រណ៍នេះ តំណាងមកពី៨០ប្រទេសក្នុងតំបន់ និងអង្គការអន្តរជាតិ ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនចិន-បរទេសល្បីៗបានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្មពាក់ព័ន្ធវិស័យកសិកម្មទំនើប ថាមពលបៃតង វប្បធម៌ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម។
ពិព័រណ៍ចិន- អាស៊ីខាងត្បូង បានចាប់ផ្តើមតាំងពីឆ្នាំ២០១៣ ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង។ ពិព័រណ៍នេះ បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន ជាមួយអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប្រទេសជុំវិញពិភពលោក៕








