ដោយ: លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ផ្លូវការមួយបានបង្ហាញថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បានហក់ឡើងដល់៤៤,៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២នេះ។
តួលេខនេះបានកើនឡើង១៤,៩ភាគរយ ពី៣៨,៧ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ទំហំនៃការនាំចេញសរុបរបស់កម្ពុជា មានទំហំទឹកប្រាក់ចំនួន១៨,៧ពាន់លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែតុលាក្នុងឆ្នាំនេះ ពោលគឺកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកទំហំនៃការនាំចូលសរុបឈានដល់២៥,៨ពាន់លានដុល្លារ ពោលគឺកើនឡើង១២ភាគរយ។
របាយការណ៍ដដែលបានបន្តថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា តាមពីក្រោយដោយសហរដ្ឋអាមេរិក វៀតណាម ថៃ និងសិង្ហបុរី។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានចាត់ទុកថា កំណើននេះត្រូវបានជំរុញ មកពីការចាប់ផ្តើមឡើងវិញពេញលេញ នៃសកម្មភាពសេដ្ឋកិច្ចសង្គម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការកើនឡើងនៃតម្រូវការសកល។
លោកបានថ្លែងប្រាប់សារពត៌មានចិនXinhuaថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ បាននឹងកំពុងបន្តផ្តល់ការជំរុញដល់កំណើនពាណិជ្ជកម្មបរទេសរបស់យើង ក្នុងប៉ុន្មានឆ្នាំខាងមុខ៕