ដោយ: លាងហួរ
អ៊ុយក្រែន: រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហគមន៍ និងដែនដីអ៊ុយក្រែន លោក Oleksiy Chernyshov បាននិយាយថា ប្រទេសអ៊ុយក្រែនត្រូវការប្រាក់ចំនួន៤ពាន់លានអឺរ៉ូ (ប្រហែល៣,៩៧ពាន់លានដុល្លារ) ដើម្បីឆ្លងកាត់រដូវរងា ដែលកំពុងខិតជិតមកដល់។
លោក Chernyshov បានថ្លែងនៅឯសន្និសីទអ្នកជំនាញអន្តរជាតិ ស្តីពីការងើបឡើងវិញ ការកសាងឡើងវិញ និងទំនើបកម្មនៃប្រទេសអ៊ុយក្រែន នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ថា យើងត្រូវការប្រាក់ចំនួន៤ពាន់លានអឺរ៉ូ ដើម្បីឆ្លងកាត់រដូវរងានេះ ដើម្បីជួសជុលផ្ទះ ជួយដល់ការថែទាំសុខភាព និងការផ្គត់ផ្គង់ថាមពល។
ក្រៅពីនេះ ប្រទេសអ៊ុយក្រែនខ្វះខាតឧបករណ៍បម្រុង សម្រាប់ការផ្គត់ផ្គង់ទឹក និងថាមពល ដូចជាស្ថានីយ៍បន្សុតទឹកចល័ត ស្ថានីយ៍កំដៅចល័ត ម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនកម្តៅអគ្គីសនី។
យ៉ាងណាក្តីប្រទេសអ៊ុយក្រែនបាននឹងកំពុងប្រឈមនឹងវិបត្តិថាមពល នៅមុនរដូវរងាមកដល់ដោយសារសង្គ្រាមជាមួយរុស្ស៊ី ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមក។
កាលពីថ្ងៃទី១៨ ខែតុលា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានបំផ្លាញស្ថានីយថាមពលរបស់អ៊ុយក្រែនប្រហែល៣០ភាគរយ ដែលបណ្តាលឱ្យមានការដាច់ភ្លើងនៅទូទាំងប្រទេស៕