ដោយ៖ សុផារី
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានចំនួន៨.២៥៨,៧ពាន់លានរៀល ស្មើនឹង២.០២៦,៨លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ៧៨,៨% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
របាយការណ៍ចំណូលពន្ធគយ ក្នុងរយៈពេល៩ខែឆ្នាំ២០២២ របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះគយនិងរដ្ឋាករប្រមូលចំណូលបានចំនួន ៨.២៥៨,៧ពាន់លានរៀល ស្មើនឹង២.០២៦,៨លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ៧៨,៨% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះកើនឡើង១.៣៧៧,៣ពាន់លានរៀលដែលត្រូវជាប្រមាណ ២០%។ ផ្អែកតាមចំណូលតាមប្រភេទពន្ធនិងអាករ ចំណូលអាករពិសេស រួមចំណែក៣៨,១% នៃចំណូលសរុប) ចំណូលអាករលើតម្លៃបន្ថែម៣៧,៦% នៃចំណូលសរុប) និងចំណូលពន្ធគយ១៨,៩% នៃចំណូលសរុប)។
ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន៣.៨៨៩,៦ពាន់លានរៀល (ត្រូវជា៤៧,១% នៃចំណូលសរុប) ទំនិញចម្រុះមានចំនួន២.២០៦,៩ ប៊ីលានរៀល (ត្រូវជា២៦,៧% នៃចំណូលសរុប) ផលិតផលតេលសិលាមានចំនួន១.៦៨៣,៦ពាន់លានរៀល (ត្រូវជា២០,៤% នៃចំណូលសរុប) និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន៤៧៨,៥ពាន់លានរៀល (ត្រូវជា៥,៨% នៃចំណូលសរុប)៕