ដោយ: លាងហួរ
បាងកក: មន្ត្រីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រទេសថៃ គ្រោងនឹងលក់មូលបត្របំណុលរដ្ឋាភិបាល ចំនួន១៣០ពាន់លានបាត (៣,៤១ពាន់លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលចាប់ផ្តើមក្នុងខែតុលា ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកាជាតិ។
លោកស្រីPatricia Mongkhonvanit ប្រធានការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ក្រសួង បានថ្លែងប្រាប់អ្នកយកព័ត៌មានថា មូលបត្របំណុលចំនួន៥០ពាន់លានបាត នឹងត្រូវបានផ្តល់ជូននៅចុងឆ្នាំនេះ។
លោកស្រីបានបន្តថា “យើងមានសាច់ប្រាក់គ្រប់គ្រាន់ នៅក្នុងទីផ្សារប្រទេសថៃ សម្រាប់ការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាល”។លោកស្រីបន្ថែមថា “នៅក្នុងឆ្នាំសារពើពន្ធ២០២៣ រដ្ឋាភិបាលនឹងផ្តោតលើការបោះផ្សាយមូលបត្របំណុល ដែលមានរយៈពេលមធ្យមពី១០ ទៅ២០ឆ្នាំ ដោយសារតែមានតម្រូវការ”។
លោកស្រីPatricia បាននិយាយថា រដ្ឋាភិបាលមិនមានគម្រោងបោះផ្សាយមូលបត្របំណុល ជាប្រាក់ដុល្លារទេ លុះត្រាតែមានការចាំបាច់ ព្រោះវាមានតម្លៃថ្លៃជាងការខ្ចីប្រាក់ក្នុងស្រុក។
ប្រទេសថៃគ្រោងនឹងខ្ចីប្រាក់ប្រហែល ៣០ពាន់លានបាតពីអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន។
លោកស្រីPatricia បាននិយាយថារដ្ឋាភិបាល បានចំណាយក្នុងការផ្តល់មូលនិធិប្រហែល២,៣៤ភាគរយ នៅចុងខែសីហា ពោលគឺធ្លាក់ចុះពី៣,២៨ភាគរយនៅចុងឆ្នាំ២០១៩។
អនុបាតបំណុលសាធារណៈ ចំពោះផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ត្រូវបានគេមើលឃើញថា មានចំនួន៦០,៦៥ភាគរយនៅចុងខែកញ្ញា ចំនួននេះនៅតែស្ថិតក្នុងដែនកំណត់ ដែលបានអនុម័ត៧០ភាគរយ៕