ដោយ៖ សុផារី
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពាវនាវដល់វិស័យឯកជន ដែលប្រកបអាជីវកម្មនៅក្រៅប្រព័ន្ធ ជាពិសេសវិស័យ SME គួរមកចុះបញ្ជីឲ្យបានត្រឹមត្រូវ ដើម្បីការប្រកួតប្រជែងស្មើភាពគ្នា និងងាយស្រួលដល់ប្រសិទ្ធភាពគៀងគរចំណូល ដែលជាផ្នែកមួយយ៉ាងសំខាន់ នៃការចូលរួមអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើង ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ថា។
លោកថា រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានពន្ធដារ បានលើកទឹកចិត្តជាច្រើន ដល់វិស័យឯកជនដូចជា លើផ្នែកវិស័យកសិកម្ម វិស័យអប់រំ និងវិស័យមួយចំនួន ត្រូវបានលើកទឹកចិត្តចាប់ពី៣ឆ្នាំ រហូតដល់៩ឆ្នាំផងដែរ ហើយពេលអស់សុពលភាពនៃការលើកទឹកចិត្ត រដ្ឋក៏មិនមែនចាប់ផ្តើមការប្រមូលពន្ធ ឲ្យអនុវត្ត១០០% នោះដែរ ដោយទុករយៈពេលឲ្យអាជីវកម្ម សហគ្រាសរឹងដៃជើងជាមុន។
លោកបន្តថា រាជរដ្ឋាភិបាលបានពង្រឹងអភិបាលកិច្ចរបស់ខ្លួន ដើម្បីចូលរួមជាមួយគ្នា ការអភិវឌ្ឍន៍ប្រទេសស្មើដៃគ្នា ក្នុងនោះសម្រាប់យុទ្ធសាស្ត្រគៀងគរចំណូលវិញ អគ្គនាយកដ្ឋានពន្ធដារ គឺបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការបង់ពន្ធស្មើភាពគ្នា។
លោកថា បញ្ហានេះ គឺចង់ឲ្យអ្នកប្រកបរបរអាជីវកម្មក្រៅប្រព័ន្ធ ជាពិសេសសហគ្រាសធុនតូច និងមធ្យម គួរមកចុះបញ្ជីឲ្យបានត្រឹមត្រូវ ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មអភិវឌ្ឍន៍រីកចម្រើនទាំងអស់គ្នា នឹងមានការបង់ពន្ធស្មើរភាពគ្នា៕