ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រុមប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦ក្រុម បានទទួលការឧបត្ថម្ភសាច់ប្រាក់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាខ្ពស់។
យោងតាមសេចក្តីប្រកាសព៌តមានរបស់រដ្ឋាភិបាល ដែលទទួលបានកាលពីថ្ងៃទី៥ តុលាកន្លងមកបានបញ្ជាក់ទៀតថា ភាពងាយរងគ្រោះនៃ “គ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ” ត្រូវបានកំណត់ដោយផ្តោតលើគ្រួសា ដែលរស់នៅកៀក នឹងបន្ទាត់នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចជា ជនមានពិការភាព កុមារអាយុក្រោម២ឆ្នាំ ជនចាស់ជរាមានអាយុចាប់ពី៦០ឆ្នាំឡើង ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី១៩-៥៩ ឆ្នាំ)។
សេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បានសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា” ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់ នៃអតិផរណានេះក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការ ដែលជាសេនាធិការ នឹងចាប់ផ្តើមកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគោលដៅដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះ ដែលលក្ខណសម្បត្តិឆ្លើយតបទៅលក្ខខណ្ឌវិនិច្ច័យ នៃគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេស នឹងទទួលបានការវាយតម្លៃ តាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។
កម្រិតប្រាក់ឧបត្ថម្ភ យន្តការ នីតិវិធី និងកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិ គាំពារសង្គមនាពេលក្រោយ៕