ដោយៈ
ទីផ្សារមូលបត្រកម្ពុជា (CSX) នឹងផ្តល់ព៌តមានអំពីការចុះបញ្ជីរមូលបត្ររដ្ឋជាផ្លូវការ ដល់រាល់បណ្តាវិនិយោគិនទាំងអស់ បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការ នៃការចុះបញ្ជីព័ត៌មានរបស់មូលបត្ររដ្ឋ ដែលទើបតែបានបោះផ្សាយលើកទី១ កាលពីពេលថ្មីៗកន្លងមកនេះ។
យោងតាមសេចក្តីប្រកាសព៌តមាន ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញាបានឲ្យដឹងថា ការបោះផ្សាយមូលបត្ររដ្ឋលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញាកន្លងមកនេះ ដែលធនាគារជាតិជាភ្នាក់ងារបោះផ្សាយ ជាលទ្ធផលនៃការបោះផ្សាយលើកទី១ មានគ្រឹះស្ថានចូលរួមចំនួន៨ បានចូលរួមទិញមូលបត្ររដ្ឋនេះ ជាមួយបរិមាណចូលរួមដេញថ្លៃសរុប៤១,៨០០ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះ២,២ ភាគរយ។
លោកហុង សុហួរ អគ្គនាយកទៅផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ការចុះបញ្ជីមូលបត្ររដ្ឋនៅ CSX គឺគ្រាន់តែជាការចុះបញ្ជីព័ត៌មានតែប៉ុណ្ណោះ ក្នុងការផ្តល់ព័ត៌មាននានានៅលើទីផ្សារ។ ចំណែកឯការចុះបញ្ជីពេញលេញ ក្នុងការអនុញ្ញាតឱ្យសាធារណៈជន អាចទិញលក់បាននោះគឺមិនទាន់ចាប់ផ្តើមនៅឡើយទេ។
លោកបានបន្តថា “ការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បែងចែកចេញជា២ គឺការចុះបញ្ជីព័ត៌មាន ក្រុមហ៊ុន និងការចុះបញ្ជីពេញលេញ”។ លោកបន្តថា “ការចុះបញ្ជីពេញលេញ គឺជាការចុះបញ្ជីលក់មូលបត្រ ចំណែកការចុះបញ្ជីព័ត៌មាន គ្រាន់តែជាការដាក់តាំង ដោយពុំមានការទិញលក់នោះទេ”។
លោកបានថ្លែងបញ្ជាក់ថា សម្រាប់ការចុះបញ្ជីលើកទី២ លើកទី៣បន្តបន្ទាប់ នឹងត្រូវចុះបញ្ជីព័ត៌មាននៅ CSX ទាំងអស់។ នាពេលបច្ចុប្បន្នពុំទាន់មានការទិញ លក់នៅលើផ្សារមូលបត្រនៅឡើយទេ ដោយសារយើងត្រូវការពេលវេលាបន្តិចទៀត ក្នុងការរៀបចំនិងធ្វើឱ្យដំណើរការ ប្រកបដោយប្រសិទ្ធភាព មុននឹងយើងចាប់ផ្តើមការទិញ លក់មូលបត្ររដ្ឋបាននៅលើទីផ្សាររដ្ឋយើង។
ជាមួយគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា (SERC) បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជាធម្មតាពេលដែលការបោះផ្សាយមូលបត្រហើយ នៅផ្សារបឋម (Primary Market) គេតែងតែយកទៅចុះបញ្ជីនៅផ្សារបន្ទាប់ (Secondary Market) ប៉ុន្តែសម្រាប់មូលបត្ររដ្ឋ នេះមិនអត់ទាន់ធ្វើតាមរយៈយន្តការទីផ្សារ ដូច្នេះហើយទើបមានការបោះផ្សាយតាមរយៈធនាគារជាតិនៃកម្ពុជា (NBC) ។
លោកបានបញ្ជាក់ថា “ឯកសារគោលនយោបាយ តម្រូវឱ្យយកព័ត៌មាន ដែលបោះផ្សាយហើយនោះមកចុះបញ្ជីជា Profile Listing មានន័យថា ត្រូវប្រមូលផ្តុំព័ត៌មានទុក នៅក្រោមផ្សារមូលបត្រកម្ពុជា”៕