ដោយៈ វិវឌ្ឈន៍
ភ្នំពេញៈ កម្ពុជាបាននាំចេញជ័រកៅស៊ូ ប្រមាណ១៦,១ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២២ ថយចុះ០,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយរកចំណូលបានជិត២៥៥លានដុល្លារ។នេះបើយោងតាម លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រយៈពេល៧ខែ ដើមឆ្នាំ២០២២ ជ័រកៅស៊ូដែលកម្ពុជា បញ្ចេញលក់ទៅទីផ្សារអន្តរជាតិមានចំនួន១៦១, ៥៦២ តោន ថយចុះ៥៥៨តោន ស្មើនឹង០,៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយប្រមូលប្រាក់បានជិត២៥៤,៨៤ លានដុល្លារ។
តម្លៃជ័រកៅស៊ូជាមធ្យមចាប់ពីខែមករា- ខែកក្កដា ឆ្នាំ២០២២ គឺ១ ៥៧៧ដុល្លារ ក្នុង១តោន ថយចុះ៩៥ដុល្លារ ឬស្មើនឹង-៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ទន្ទឹមនឹងការនាំចេញជ័រកៅស៊ូ កម្ពុជាក៏បាននាំចេញឈើកៅស៊ូ ចំនួន ១៧ ៥២៩ ម៉ែត្រត្រីគុណដោយទទួលបានប្រាក់ ២,៦១ លានដុល្លារផងដែរ នៅក្នុងរយៈពេលខាងលើ។ នេះបើយោងតាមរបាយការណ៍។
លោក ហ៊ឹម អូន មានសុទិដ្ឋិនិយមថា ស្ថានភាពនៃការវិនិយោគ និងទីផ្សារជ័រកៅស៊ូកម្ពុជា នឹងមានភាពល្អប្រសើរនៅពេលអនាគត។
លោកថ្លែងថា “យើងឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានការលើកទឹកចិត្ដច្រើន ដល់វិនិយោគិនពីរាជរដ្ឋាភិបាល និងប្រទេសមានសុខសន្តិភាពល្អ នឹងមានរោងចក្រកែច្នៃជ័រកៅស៊ូ ជាផលិតផលសម្រេច (ផលិតកង់រថយន្ត) ដើម្បីរួមចំណែកបង្កើនខ្សែចង្វាក់តម្លៃទីផ្សារកៅស៊ូក្នុងស្រុក និងបង្កើតការងារដល់ប្រជាជនកាន់តែច្រើន”៕