ដោយ៖ ម៉ាណេត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តការប្រមូលចំណូលមូលធនបានគ្រប់តាមផែនការនៃច្បាប់ហិរញ្ញវត្ថុ ខណៈការប្រមូលចំណូលចរន្ត រួមមាន ចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ អាចនឹងស្រុតចុះ ពោលគឺការប្រមូលចំណូលប្រភេទនេះ មិនឆ្លើយតបតាមច្បាប់កំណត់ហិរញ្ញវត្ថុ ។
ចំណូលមូលធន ក្នុងនោះមានការប្រមូលចំណូលមូលធនក្នុងប្រទេស តាមការប៉ាន់ស្មានអាចនឹងសម្រេចបាន ១៩៣ ប៊ីលានរៀល និងចំណូលមូលនិធិទ្រទ្រង់ថវិកា អាចប្រមូលបាន ២៥០ ប៊ីលានរៀល សរុបការប្រមូលចំណូលប្រភេទនេះ នឹងសម្រេចបានក្នុងរង្វង់ ៤៤៣ ប៊ីលានរៀល ស្មើប្រមាណ ១០០% នៃច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមការបង្ហាញ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផល នៃការអនុវត្តថវិកាឆមាសទី១ ចំណូលសារពើពន្ធ។
ទោះបីជាយ៉ាងក៏ដោយ ស្ថិតនៅក្នុងការរីករាលដាល នៃជំងឺកូវីដ–១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចប្រមូលចំណូលមិនគ្រប់ផែនការនោះឡើយ ក្នុងនោះបើតាមការបង្ហាញ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផល នៃការអនុវត្តថវិកាឆមាសទី១ ចំណូលសារពើពន្ធរួមមាន ៖ ចំណូលគយ និងរដ្ឋាករ និងចំណូលពន្ធដារ តាមការប៉ាន់ស្មានប្រចាំឆ្នាំ នឹងអនុវត្តបាន ក្នុងរង្វង់ប្រមាណជាង១៦ ពាន់ប៊ីលានរៀល ត្រូវប្រមាណក្នុងរង្វង់ជាង ៧៩% នៃច្បាប់ហិរញ្ញវត្ថុប៉ុណ្ណោះ។
ចំណែកចំណូលមិនមែនសារពើពន្ធរួមមាន ចំណូលពីទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដែលប្រមូលដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ តាមការប៉ាន់ស្មាននឹងអាចប្រមូលបានក្នុងរង្វង់ ១ ៧០០ ប៊ីលានរៀល, ក្នុងនោះចំពោះការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ដែលប្រមូលលើផ្នែកកាស៊ីណូ ក្រុមហ៊ុនឆ្នោតផ្សេងៗ នឹងអាចប្រមូលបានក្នុងរង្វង់ ២៣១ ប៊ីលានរៀល សរុបការប្រមូលចំណូលលើប្រភេទទាំងនេះទាំងអស់ អាចសម្រេចបានក្នុងរង្វង់ជាង ២ ពាន់ប៊ីលានរៀល ត្រូវប្រមាណជា ៧២% នៃច្បាប់ហិរញ្ញវត្ថុ៕