ការប្រមូល​ចំណូល​មូលធន រំពឹងថា​នឹង​ទទួលបាន​គ្រប់​តាម​ផែនការ នៃ​ច្បាប់​ហិរញ្ញវត្ថុ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖  រាជរដ្ឋាភិបាល​កម្ពុជា នឹង​អនុវត្ត​ការប្រមូល​ចំណូល​មូលធន​បាន​គ្រប់​តាម​ផែនការ​នៃ​ច្បាប់​ហិរញ្ញវត្ថុ ខណៈ​ការប្រមូល​ចំណូល​ចរន្ត រួមមាន ចំណូល​សារពើពន្ធ និង​ចំណូល​មិនមែន​សារពើពន្ធ អាច​នឹង​ស្រុតចុះ ពោលគឺ​ការប្រមូល​ចំណូល​ប្រភេទ​នេះ មិន​ឆ្លើយតប​តាមច្បាប់​កំណត់​ហិរញ្ញវត្ថុ ។

ចំណូល​មូលធន ក្នុងនោះ​មានការ​ប្រមូល​ចំណូល​មូលធន​ក្នុងប្រទេស តាម​ការប៉ាន់ស្មាន​អាច​នឹង​សម្រេចបាន ១៩៣ ប៊ី​លាន​រៀល និង​ចំណូល​មូលនិធិ​ទ្រទ្រង់​ថវិកា អាច​ប្រមូលបាន ២៥០ ប៊ី​លាន​រៀល សរុប​ការប្រមូល​ចំណូល​ប្រភេទ​នេះ នឹង​សម្រេចបាន​ក្នុង​រង្វង់ ៤៤៣ ប៊ី​លាន​រៀល ស្មើ​ប្រមាណ ១០០% នៃ​ច្បាប់​ហិរញ្ញវត្ថុ។ នេះ​បើ​យោងតាម​ការបង្ហាញ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​លទ្ធផល នៃ​ការអនុវត្ត​ថវិកា​ឆមាស​ទី១ ចំណូល​សារពើពន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជា​យ៉ាង​ក៏ដោយ ស្ថិតនៅក្នុង​ការរីក​រា​ល​ដាល នៃ​ជំងឺ​កូ​វីដ–១៩ នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​អាច​ប្រមូល​ចំណូល​មិន​គ្រប់​ផែនការ​នោះឡើយ ក្នុងនោះ​បើតាម​ការបង្ហាញ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​លទ្ធផល នៃ​ការអនុវត្ត​ថវិកា​ឆមាស​ទី១ ចំណូល​សារពើពន្ធ​រួមមាន ៖ ចំណូល​គយ និង​រដ្ឋាករ និង​ចំណូល​ពន្ធដារ តាម​ការប៉ាន់ស្មាន​ប្រចាំឆ្នាំ នឹង​អនុវត្តបាន ក្នុង​រង្វង់​ប្រមាណ​ជាង១៦ ពាន់​ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ក្នុង​រង្វង់​ជាង ៧៩% នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ។

ចំណែក​ចំណូល​មិនមែន​សារពើពន្ធ​រួមមាន ចំណូល​ពី​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ តាម​ការប៉ាន់ស្មាន​នឹង​អាច​ប្រមូលបាន​ក្នុង​រង្វង់ ១ ៧០០ ប៊ី​លាន​រៀល, ក្នុងនោះ​ចំពោះ​ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ដែល​ប្រមូល​លើ​ផ្នែក​កាស៊ីណូ ក្រុមហ៊ុន​ឆ្នោតផ្សេងៗ នឹង​អាច​ប្រមូលបាន​ក្នុង​រង្វង់ ២៣១ ប៊ី​លាន​រៀល សរុប​ការប្រមូល​ចំណូល​លើ​ប្រភេទ​ទាំងនេះ​ទាំងអស់ អាច​សម្រេចបាន​ក្នុង​រង្វង់​ជាង ២ ពាន់​ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជា ៧២% នៃ​ច្បាប់​ហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here