ដោយៈ
ហុងកុងៈ នៅក្នុងឆ្នាំ២០២១ក្រុមហ៊ុនថ្មីៗ ដែលបានវិនិយោគនៅទីក្រុងហុងកុងបានហក់ឡើងដល់១១ម៉ឺនក្រុមហ៊ុន និងបន្តកើនឡើងដល់ឆ្នាំ២០២២ ក្នុងនោះដែរទំនិញដែលអាជីវករអនឡាញ កំពុងចរាចរណ៍លក់ក្នុងប្រទេសកម្ពុជា ក៏ត្រូវបានដឹកជញ្ជូនមកពីហុងកុង ឬមានមូលដ្ឋានឃ្លាំងនៅទីក្រុងហុងកុងដែរ ។
យោងតាមប្រភពពីគេហទំព័រហ្វេសប៊ុកបានបង្ហាញថា លំហរអាជីវកម្មកម្ពុជា បានបង្ហាញហេតុទាំង៥ដែលបញ្ជាក់ថា ទីក្រុងហុងកុងជាទីកន្លែងដ៏ល្អសម្រាប់ពាណិជ្ជកម្មអន្តរជាតិនៅឆ្នាំ២០២២នេះ។

១ ការបង្កើតក្រុមហ៊ុននៅទីក្រុងហុងកុងមិនចំណាយពេលយូរ និងងាយស្រួល
ដំណើរការក្នុងការបើកក្រុមហ៊ុនមួយ គឺចំណាយពេលត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ មិនមានការកំណត់ដើមទុន សន្សំទាំងពេលវេលា និងហិរញ្ញវត្ថុ សម្រាប់ឯកសារវិញមិនមានភាពស្មុគស្មាញ និងមិនមានការរឹតបន្តឹងលើនាយក ឬម្ចាស់ភាគហ៊ុននៅក្រៅប្រទេសឡើយ។
២. ពន្ធទាប
ទីក្រុងហុងកុងមានអត្រាពន្ធសាជីវកម្ម អប្បបរមា១៥ភាគរយ ដែលធ្វើអោយទីក្រុងនេះ មានអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មទាបបំផុត នៅក្នុងពិភពលោក។ ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន មានកម្រិតទាបពី២ទៅ១៧ភាគរយ ហើយទីក្រុងនេះមិនអនុវត្តពន្ធប្រយោល ដូចជាពន្ធលើតម្លៃបន្ថែម (VAT) ឬពន្ធលើទំនិញ និងសេវាកម្ម (GST)ទេ។
៣. ពាណិជ្ជកម្មសេរី
ហុងកុងគឺជាកំពង់ផែសេរី មានន័យថាវាមិនអនុវត្តពន្ធនាំចូល ឬនាំចេញណាមួយឡើយ។ ក្នុងនោះគេឃើញថាហុងកុងបានធ្វើកិច្ចព្រមព្រៀងភាពជិតស្និទ្ធជាដៃគូសេដ្ឋកិច្ច (The Closer Economic Partnership Arrangment) ជាមួយចិនដីគោក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងទីក្រុងហុងកុង និងប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ផ្សេងៗដូចជា ប្រទេសអូស្ត្រាលី នូវែលសេឡង់ រដ្ឋសមាជិកអាស៊ាន និងរដ្ឋជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប។
៤ មិនមានការរឹតបន្តឹងលើរូបិយប័ណ្ណ
ការទូទាត់ និងការទទួលប្រាក់ជាសកល មានភាពងាយស្រួល ដោយ សារគ្មានការរឹតបន្តឹងពីរដ្ឋាភិបាល និងមិនមានការគ្រប់គ្រងការប្តូរប្រាក់បរទេស។ មួយវិញទៀតនៅក្នុងបរិបទផ្លូវការមួយចំនួន ហុងកុងបានអនុញ្ញាតិអោយប្រើប្រាស់រូបិយប័ណ្ណផ្សេងៗ ដោយមិនកំណត់ថាត្រូវតែប្រើប្រាក់ដុល្លារហុងកុងនោះទេ។

៥ មជ្ឈមណ្ឌលធនាគារពិភពលោក និងការទូទាត់
ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងការវិនិយោគជាអន្តរជាតិ ហុងកុងមានសេវាកម្មទូទាត់ និងដំណោះស្រាយ ដើម្បីគ្រប់គ្រងប្រាក់អ្នកបានយ៉ាងល្អ។ ជាក់ស្ដែង នៅទីក្រុងហុងកុងគឺមានភាពងាយស្រួល ក្នុងប្រតិបត្តិការជាមួយអាជីវកម្មនៅចិនដីគោក ដោយអាជីវកម្មអាចទូទាត់ជា RMB (រូបិយប័ណ្ណរបស់ប្រទេសចិន) ឬក៏ប្រាក់ដុល្លារហុងកុង៕







