ដោយ៖ លក្ខិណា
ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនអ្នកប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ស្របពេលអ្នកផលិតក៏បានពង្រឹងគុណភាពនិងស្តង់ដាររបស់ខ្លួនកាន់តែរឹងមាំ និងមានការផលិតកាន់តែច្រើនផងដែរ។
នៅក្នុងសន្និសីទមួយកាលពីរសៀលថ្ងៃទី៣១ មីនា ២០២២ នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា បច្ចុប្បន្ននេះ កំណើនអ្នកប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកមានសន្ទុះគួរឱ្យកត់សម្គាល់ បន្ទាប់រដ្ឋាភិបាលកម្ពុជាបានជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋដើម្បីឱ្យមានការគាំទ្រនិងប្រើប្រាស់កាន់តែច្រើន ។

លោកបន្តថា “កាលពីមុនកូវីដ១៩ ក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធនាការក្នុងការផ្សព្វផ្សាយពីផលិតផលខ្មែរទៅកាន់ប្រជាពលរដ្ឋដូចជាការរៀបចំពិព័រណ៍នៅតាមបណ្ដាខេត្ត រៀបចំពិព័រណ៍ភូមិមួយផលិតផលមួយ និងផលិតផលសម្គាល់ភូមិសាស្ត្រជាដើម”។
លោកមានបន្ថែមថា បន្ទាប់ពីព្រឹត្តិការណ៍នេះបានរៀបចំជាបន្តបន្ទាប់និងកាន់តែច្រើននៅតាមបណ្ដាខេត្ត ប្រជាពលរដ្ឋបានស្គាល់ទំនិញណាជាទំនិញក្នុងស្រុកនិងទំញណាមកពីបរទេស ហើយក៏មានការគាំទ្រកាន់តែច្រើន ។
លោកបន្ថែមថា “ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩រយៈពេលជាង២ឆ្នាំកន្លងមក យើងក៏មិនបានរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយផលិតផលខ្មែរទៅដល់ប្រជាពលរដ្ឋនោះទៀត ក៏ប៉ុន្តែប្រជាពលរដ្ឋកម្ពុជានៅតែបន្តគាំទ្រ។ ក្នុងនោះដែរក្រសួងក៏បានរៀបចំនូវផ្សារអេឡិចត្រូនិកមួយ ដើម្បីឱ្យសហគ្រិនកម្ពុជា អាចដាក់ទំនិញលក់នៅលើផ្សារអេឡិចត្រូនិកទាំងក្នុងនិងក្រៅប្រទេស”។

លោកបញ្ជាក់ថា រហូតមកដល់ពេលយើងអាចនិយាយថាកំណើនប្រជាពលរដ្ឋប្រើប្រាស់ផលិតផលខ្មែរពី៥០ភាគរយកាលពីមុនឡើងដល់៨០ភាគរយទៅហើយ និងបន្តកើនឡើងជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយ ខណៈក្រសួងបន្តជំរុញការផ្សព្វផ្សាយនិងរិះរកមធ្យោបាយដើម្បីឱ្យផលិតផលខ្មែរមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស៕







