ដោយៈលក្ខិណា
ភ្នំពេញៈ កូរ៉េខាងត្បូងជាប្រទេសដៃគូអភិវឌ្ឍន៍ធំមួយជាមួយកម្ពុជា ហើយកូរ៉េក៏បានផ្ដល់ឥណទានសម្បទានដល់កម្ពុជាជាបន្តបន្ទាប់ ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០០ មកដល់សព្វថ្ងៃនេះកូរ៉េខាងត្បូងបានផ្ដល់ឥណទានសម្បទានដល់កម្ពុជា នូវទឹកប្រាក់សរុប១២១១លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយក្រោយជំនួបរវាងលោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួល គោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី៣០ មិនានេះ។

លោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងការរួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ជាភ្នាក់ងារអនុវត្តន៍។
លោកបន្តថា ចាប់តាំងពីឆ្នាំ១៩៩៦ ដល់បច្ចុប្បន្ន សាធារណរដ្ឋកូរ៉េបានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណជាង៤៣១លានដុល្លារអាមេរិក ។ ក្នុងក្របខណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០០ដល់បច្ចុប្ប ភាគីកូរ៉េបានផ្ដល់ឥណទានសម្បទាន ដល់កម្ពុជានូវទឹកប្រាក់សរុបប្រមាណជាង១.២១១លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោង ឬកម្មវិធីអភិវឌ្ឍន៍ចំនួន២៦គម្រោង ដែលសុទ្ធសឹងតែជាគម្រោងអាទិភាព ក្នុងការផ្ដល់ឥណទានសម្បទានរបស់ខ្លួន ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ រហូតដល់យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលី៤ ដែលបានធ្វើឱ្យសាធារណរដ្ឋកូរ៉េ កក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់ លំដាប់ទី៣ ក្នុងការចូលរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន ។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណដល់កូរ៉េ ដែលបានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារអាមេរិក សម្រាប់២០២២ ដល់ឆ្នាំ២០២៦ និងសង្ឃឹមថា ភាគីទាំងពីរនឹងពិភាក្សាសម្រេចទៅលើវិស័យ និងគម្រោងអាទិភាពក្នុងការប្រើប្រាស់កញ្ចប់ថ្មីនេះ តាមរយៈកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះ ។

លោកKOO Yun Cheol ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ១៩ ជាពិសេស ការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន មកលើសសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក៕







