សហគ្រាសក្នុងស្រុកចំនួន១០០ចុះឈ្មោះដាក់លក់ទំនិញលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដរបស់ ក្រសួងពាណិជ្ជកម្ម

      ដោយៈលក្ខិណា

ភ្នំពេញៈ ដើម្បីជំរុញដល់ការលក់ផលិតផលខ្មែរ ទាំងទីផ្សារក្នុងនិងក្រៅប្រទេស ក្រសួងពាណិជ្ជកម្មកម្ពុជានឹងបើកដំណើរការផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ នៅថ្ងៃទី៣១ មីនា ២០២២ ស្អែកនេះ ហើយរហូតមកដល់បច្ចុប្បន្ន មានសហគ្រាសធុនតូច និងមធ្យមចំនួន១០០ហើយបានចុះឈ្មោះ ដាក់លក់ទំនិញរបស់ខ្លួននៅក្នុងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្រសួងបានចាប់ផ្ដើមទទួលពាក្យចុះឈ្មោះជាមុនរបស់សហគ្រាសធុនតូច និងមធ្យម ចាប់ពីពាក់កណ្ដាលខែមិថុនាឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យសហគ្រាសចូលទៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិកាន់តែទូលំទូលាយ ក៏ដូចជាផ្ដល់លទ្ធភាបដល់ការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល ដែលកំពុងមានការរីកចម្រើយ៉ាងខ្លាំង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព៌តមានបានបន្តថា រហូតដល់ខែមីនា ២០២២ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាង១០០ ត្រូវបានអនុញ្ញាតឱ្យដាក់តាំងផលិតផលខ្មែរជាង១០០០មុខទំនិញ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មលើទីផ្សារខេមបូឌាត្រេដ ដែលក្នុងនោះសហគ្រាសចំនួនជាងពាក់កណ្ដាល នៃចំនួនសហគ្រាសសរុបគឺមកពីតាមបណ្ដាខេត្តនិងម្ចាស់អាជីវកម្មជាស្ត្រី។

ផ្សារខេមបូឌាត្រេដ មានដំណើរការតាមរយៈ cambodiatrade.com គឺជាទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិកមួយដែលបាតភ្ជាប់ជាមួយសេវាទូទាត់ និងសេវាដឹកជញ្ជូន ។ អតិថិជននិងសហគ្រាសធុនតូច និងមធ្យមកម្ពុជានឹងមានជម្រើសកាន់តែច្រើនសម្រាប់ការទិញ និងលក់ផលិតផលខ្មែរទាំងក្នុងស្រុកនិងឆ្លងកាត់ព្រំដែន។ ទាក់​ទង​នឹងអ្នកផ្ដល់សេវាទូទាត់ប្រាក់ ផ្សារខេមបូឌាត្រេដ ត្រូវបានតភ្ជាប់យ៉ាងពេញលេញជាមួយធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ប្រព័ន្ធបាគង និងក្រុមហ៊ុនអាយផេ៨៨ និងធនាគារសក្ដានុពលមួយចំនួន ដែលបានស្នើសុំធ្វើការតភ្ជាប់ជាមួយផ្សារខេមបូឌាត្រេដ ដូចជានាគារកាណាឌីយ៉ា ធនាគារជីបម៉ុត លីហួរវេរលុយ និងធនាគារហ្វីលីព។

សេវាដឹកជញ្ជូនផ្សារខេមបូឌាត្រេដក បានតភ្ជាប់ជាមួយនឹងក្រុមហ៊ុនDHL និងប្រៃសណីយ៍កម្ពុជា ហើយរំពឹងថា នឹងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗបន្ថែមតៀត ដើម្បីបង្កើនជម្រើសនៃការដឹកជញ្ជូនសម្រាប់អ្នកលក់និងអ្នកទិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here